សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន KATO Katsunobu

ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានជួប​ពិភាក្សា​ការងារ​ជាមួយ​លោក កាតូ កាស៊ូណូប៊ូ (KATO Katsunobu) រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន នៅវិមាន​សន្ដិភាព រាជធានី​ភ្នំពេញ។

ក្នុងឱកាស​នៃជំនួប លោក កាតូ កាស៊ូណូប៊ូ បានវាយ​តម្លៃខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការ​ដ៏ល្អ​រវាង​ជប៉ុន​និងកម្ពុជា និងបាន​គូសបញ្ជាក់​ថា កម្ពុជា​ជាដៃគូ​ដ៏សំខាន់​មួយរបស់​ជប៉ុន ដោយលោក​បានបង្ហាញ​នូវសុទិដ្ឋិនិយម​ថា សេដ្ឋកិច្ច​កម្ពុជា​នឹងកាន់តែ​រីកចម្រើន​បន្ថែម​ទៀត។

លោក កាតូ កាស៊ូណូប៊ូ ក៏បាន​ប្ដេជ្ញាចិត្ត​ក្នុងការ​បន្ត​ពង្រឹង​និងពង្រីក​ទំនាក់​ទំនង​ជប៉ុន-កម្ពុជា​ឱ្យកាន់តែ​ខ្លាំងក្លា​ថែមទៀត។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែង​នូវការ​ពេញចិត្ត និងវាយ​តម្លៃខ្ពស់​ចំពោះ​ភាពរីកចម្រើន​នៃទំនាក់​ទំនង​កម្ពុជា-ជប៉ុន ដែលត្រូវបាន​ដំឡើង​ទៅជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​កាលពី​ដើមឆ្នាំ​២០២៣។ សម្ដេចបានថ្លែង​អំណរគុណ​រាជរដ្ឋាភិបាល​និងប្រជាជន​ជប៉ុន ចំពោះ​ការរួម​ចំណែក​និងជួយ​គាំទ្រ​ដល់កម្ពុជា ចាប់តាំង​ពីដំណើរការ​ស្វែងរក​សុខសន្ដិភាព ការស្ដារ​ប្រទេស​ឡើងវិញ និង ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​លើគ្រប់​វិស័យ។

សម្ដេចធិបតី​បានបន្ត​ទៀតថា ដំណើរ​ទស្សនកិច្ច​របស់​លោក កាតូ កាស៊ូណូប៊ូ នាពេលនេះ នឹងកាន់តែ​ចូលរួម​ចំណែក​ពង្រឹង​និងពង្រីក​កិច្ចសហប្រតិបត្តិការ​កម្ពុជា-ជប៉ុន​ឱ្យកាន់តែ​រីកចម្រើន​ថែមទៀត។

នៅក្នុង​ជំនួប​នេះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក កាតូ កាស៊ូណូប៊ូ ក៏បាន​ពិភាក្សា​អំពី​ការបន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើវិស័យ​សក្ដានុពល​ជាច្រើន រួមមាន​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល​​ ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ ឌីជីថល សហគ្រាស​ធុនតូច​និងមធ្យម (SMEs) ការបណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ ការផ្លាស់ប្ដូរ​រវាង​ប្រជាជន​និងប្រជាជន និង ការផ្សារភ្ជាប់​ទំនាក់​ទំនង​រវាង​វិស័យ​ឯកជន​កម្ពុជា-ជប៉ុន៕

你可能还喜欢

评论被关闭。