គម្រោងតំបន់សេដ្ឋកិច្ចពិសេស ISI ខេត្តព្រះសីហនុ បើកសម្ពោធជាផ្លូវការ
គម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ (ISI) របស់ក្រុមហ៊ុន ហ្គោលដិន ផត អេសអ៊ីហ្សិត ឌីវេទ្បុបម៉ិន បានបើកសម្ពោធជាផ្លូវការ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅអគារ ISI រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ រួមជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។
លោក កាង ឡេង អគ្គនាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន អាយ អេស អាយ (ISI GROUP) បានឱ្យដឹងថា គម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ សាងសង់លើផ្ទៃដីទំហំ ២០៦ ហិកតា មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ក្នុងទឹកដីខេត្តព្រះសីហនុ ជាមួយទុនវិនិយោគជាង ៥០ លានដុល្លារអាម៉េរិក។ តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ត្រូវបានអភិវឌ្ឍឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងសម្រាប់រោងចក្រឧស្សាហកម្ម ព្រមទាំងផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើបជាច្រើន។
លោក ជា វុទ្ធី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអបអរសាទរចំពោះការបើកសម្ពោធជាផ្លូវការនូវគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញការវិនិយោគមកកម្ពុជា ក៏ដូចជាចូលរួមបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា។
លោកបានលើកឡើងអំពីសក្តានុពលរបស់ខេត្តព្រះសីហនុ ដែលខេត្តនេះជាទីតាំងយុទ្ធសាស្ត្រសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយមានការគាំទ្រពីកម្មវិធីអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងអំឡុងដើមឆ្នាំ២០០៦ ក្រោមគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។
លោក សាយ សំអាល់ បានសម្តែងនូវអំណរសាទរនិងវាយតម្លៃខ្ពស់ ចំពោះគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ដែលបើកសម្ពោធជាផ្លូវការនាពេលនេះ។ លោកចាត់ទុកថា គម្រោងនេះនឹងចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងខឿនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈផលិតផលដែលធ្វើឱ្យប្រាក់ចំណូលជាច្រើនហូរពីក្រៅប្រទេសមកកម្ពុជា ហើយដែលនឹងផ្តល់ត្រឡប់មកវិញនូវការងារនិងប្រាក់ចំណូលជាច្រើនដល់ប្រជាជនកម្ពុជា ជាពិសេសប្រជាជននៅខេត្តព្រះសីហនុ ដែលនឹងមានផលវិជ្ជមានបន្តដល់អ្នកដាំបន្លែ ផ្លែឈើ ចិញ្ចឹមសត្វយកសាច់ ដើម្បីលក់ធ្វើជាម្ហូបទទួលទាន។
លោកសង្ឃឹមយ៉ាងមុតមាំថា តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានាពេលអនាគត។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៦ កន្លែងក្នុងចំណោម ៤៤ កន្លែង ដែលកំពុងដំណើរការនៅ ៩ រាជធានី-ខេត្ត ដោយបានបង្កើតឱកាសការងារជិត ២០ ម៉ឺនកន្លែងដល់ពលរដ្ឋក្នុងមូលដ្ឋាន។ តំបន់សេដ្ឋកិច្ចពិសេសទាំង ២៦ កន្លែងនេះ មានគម្រោងវិនិយោគចំនួន ៧៣៤ គម្រោង ជាមួយទុនវិនិយោគសរុបប្រមាណ ៨,៩ ប៊ីលានដុល្លារអាម៉េរិក៕
评论被关闭。