ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា គ្រោងពង្រីកការហោះហើរទៅអឺរ៉ុប ជប៉ុន និង កូរ៉េខាងត្បូង

ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន​អាកាសចរណ៍​ជាតិកម្ពុជា (AIR) បានចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន បញ្ជាក់​អំពី​ផែនការ​ពង្រីក​និងតភ្ជាប់​ជើងហោះហើរ​ទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និង តំបន់​អឺរ៉ុប​បន្ថែមទៀត។

សេចក្តី​ប្រកាស​ព័ត៌មាន​បានបញ្ជាក់ថា AIR មានផែនការ​ពង្រីក​បណ្ដាញផ្លូវ​ហោះហើរ​ក្នុងស្រុក​និងអន្តរ​ជាតិ​។ ក្នុងនោះ រវាង​រាជធានី​​ភ្នំ​ពេញ​​និងទីក្រុង​បាង​កក ​នឹងចាប់​ផ្ដើម​​នៅ​ថ្ងៃ​ទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៥ ដោយហោះ​ហើរ​​មួយ​ជើង​​​រៀងរាល់ថ្ងៃ។ AIR ក៏គ្រោង​តភ្ជាប់​​​ជើង​ហោះហើរ​ទៅកាន់​ប្រទេស​ជប៉ុន កូរ៉េ​ខាងត្បូង និង កន្លែង​ផ្សេងទៀត​​ឱ្យបាន​ឆាប់ ហើយគ្រោង​នឹងបើក​ជើង​ហោះ​ហើរ​ឆ្ពោះទៅ​ទ្វីបអឺរ៉ុប​នៅឆ្នាំ២០២៦ ខាងមុខ ស្របពេល​ដែល​វិស័យ​អាកាសចរណ៍​កម្ពុជា​កំពុង​មានការ​រីកចម្រើន ដែល​ជំរុញ​ដោយកំណើន​នៃ​តម្រូវការ​ធ្វើដំណើរ​តាមផ្លូវ​អាកាស។

លោកបណ្ឌិត ចាន់ ដេវីដ (Zhan David) នាយកប្រតិបត្តិ​ AIR មាន​ប្រ​សាស​ន៍​ថា AIR ប្ដេជ្ញា​បំពេញ​បេសកកម្ម​ក្នុង​នាមជា​​អាកាស​ចរណ៍​ជាតិ​តាំង​ពី​​បង្កើមក ដោយមាន​មោទកភាព​ក្នុងការ​បម្រើ​ប្រជាជន​កម្ពុជា ដោយក្រុមហ៊ុន​តែង​តែ​ផ្ដល់​​សេវាកម្ម​អាកាសចរណ៍​ប្រកបដោយ​សុវត្ថិភាព​និងមាន​ភាព​​ងាយស្រួល។

យោងតាម​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល គិតចាប់ពី​ខែមករា​ដល់ខែតុលា ឆ្នាំ២០២៤ កម្ពុជា​ទទួលបាន​អ្នកដំណើរ​តាមជើងហោះហើរ​ចំនួន ៤ ៩៧៨ ៦៦៣ នាក់ ​កើន​ឡើង ២១% បើធៀបនឹង​រយៈ​ពេល​ដូច​គ្នា​​នៅ​ឆ្នាំ២០២៣។

ផែនការ​ពង្រីកការតភ្ជាប់​ជើងហោះហើរ​ទៅកាន់​តំបន់​អឺរ៉ុប ប្រទេស​ជប៉ុន កូរ៉េខាងត្បូង និង បណ្តា​ប្រទេស​ដទៃទៀត ស្របពេល​ដែលអាកាសយានដ្ឋានអន្តរជាតិ​តេជោសាងសង់​បានជាង ៩០% ហើយដែលគ្រោងនឹង​ដាក់ឱ្យ​ដំណើរការ​នៅខែកក្កដា ឆ្នាំ២០២៥ នេះ៕

你可能还喜欢

评论被关闭。