កម្ពុជានាំចេញអង្ករជាង ៦៥ ម៉ឺនតោនជាមួយចំណូលជិត ៥០០ លានដុល្លារក្នុងឆ្នាំ២០២៤
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៥១ ៥២២ តោនទៅក្រៅប្រទេស ដោយទទួលបានចំណូល ៤៩១,១៩ លានដុល្លារអាម៉េរិក។
ក្នុងចំណោមអង្ករ ៦៥១ ៥២២ តោនដែលបាននាំចេញ មានអង្ករចំនួន ៦៤៥ ៨៧២ តោនបានឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអជ្ញាធរមានសមត្ថកិច្ច តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៧ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៨ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ៣២៧ ១៥៦ តោន គិតជាទឹកប្រាក់ចំនួន ២៥៣,១៨ លានដុល្លារ ទៅកាន់ប្រទេសចិន (រួមទាំងក្រុងហុងកុងនិងម៉ាកាវ) ចំនួន ១១៧ ៩២៥ តោន គិតជាទឹកប្រាក់ចំនួន ៧៥,៦៦ លានដុល្លារ ទៅកាន់ប្រទេសក្នុងអាស៊ានចំនួន ៧ ប្រទេស (រួមទាំងទីម័រខាងកើត) ចំនួន ១២៧ ០៧៦ តោន គិតជាទឹកប្រាក់ចំនួន ៩២,៧០ លានដុល្លារ និង ទៅកាន់គោលដៅ ៣២ ប្រទេសផ្សេងទៀត រួមមានតំបន់អាហ្វ្រិកនិងមជ្ឈិមបូព៌ា និងប្រទេសកាណាដា អូស្ត្រាលី នូវែលសេឡង់ សហរដ្ឋអាម៉េរិក។ល។ បានចំនួន ៧៩ ៣៦៥ តោន គិតជាទឹកប្រាក់ចំនួន ៦៩,៥៤ លានដុល្លារ។
ប្រភេទអង្ករដែលកម្ពុជាបាននាំចេញទៅកាន់ទីផ្សារបរទេស រួមមានអង្ករក្រអូបចំនួន ៧៦,១៥% អង្ករសធម្មតាចំនួន ១៨,៧០% អង្ករចំហុយចំនួន ៣,១០% អង្ករសរីរាង្គចំនួន ១,៧៨% និង អង្ករផ្សេងៗចំនួន ០,២៧%។
ទន្ទឹមនឹងនេះ នៅក្នុងឆ្នាំ២០២៤ កម្ពុជាក៏បាននាំចេញស្រូវសើមចំនួន ៥ ១៨០ ១៥៥ តោន គិតជាទឹកប្រាក់ប្រមាណ ១,៤៩៦ ប៊ីលានដុល្លារ ក្នុងនោះស្រូវ ៨៩% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច។
ក្នុងជំនួបជាមួយប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ថ្មីៗនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់និងសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកស្រូវជាដំណាំយុទ្ធសាស្ត្រយូរអង្វែងរបស់កម្ពុជា និងបានដាក់ចេញគោលនយោបាយចាំបាច់ដើម្បីគាំទ្រដំណាំស្រូវ និងធានាបាននូវភាពប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជា តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការសម្រួលការដឹកជញ្ជូន និង ការកាត់បន្ថយថ្លៃដើមផលិតកម្ម ក៏ដូចជាជំរុញភាពម្ចាស់ការលើខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕
评论被关闭。