កម្ពុជានិងអារ៉ាប៊ីសាអ៊ូឌីតរួមគ្នាជំរុញទេសចរណ៍មូស្លីម ខណៈទេសចរអារ៉ាប៊ីសាអ៊ូឌីតមានត្រឹមប្រមាណ ៤០០ នាក់ក្នុងឆ្នាំ២០២៤
ប្រទេសកម្ពុជានិងអារ៉ាប៊ីសាអ៊ូឌីតបានឯកភាពគ្នាជាឯកច្ឆន្ទ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍មូស្លីមនៅកម្ពុជា ដើម្បីជំរុញវិស័យទេសចរណ៍នៅកម្ពុជាឱ្យមានការរីកចម្រើនថែមទៀតនាពេលអនាគត។
កិច្ចសហប្រតិបត្តិការនេះបានសម្រេចឡើងក្នុងជំនួបទ្វេភាគីរវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ម៉ូហាម៉េដ អ៊ីស្មាអែល ដាលវី ឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំកម្ពុជា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ រាជធានីភ្នំពេញ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ ស្តីពីលទ្ធផលនៃជំនួបទ្វេភាគីរវាងលោក ហួត ហាក់ និងលោក ម៉ូហាម៉េដ អ៊ីស្មាអែល ដាលវី បានឱ្យដឹងថា ក្រៅពីកិច្ចសហប្រតិបត្តិខាងលើ លោក ហួត ហាក់ និងលោក ម៉ូហាម៉េដ អ៊ីស្មាអែល ដាលវី ក៏បានសម្រេចរួមគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែសកម្មជាងមុន និងពិនិត្យលទ្ធភាពរៀបចំកម្មវិធីដំណើរទស្សនកិច្ចស្វែងយល់ ដោយមានការចូលរួមពីផ្នែកឯកជននៃប្រទេសទាំងពីរ ដើម្បីដកស្រង់បទពិសោធ និងរៀបចំជាកញ្ចប់ទស្សនកិច្ចប្រកបដោយគុណភាពសម្រាប់ភ្ញៀវទេសចរប្រទេសទាំងពីរ។
ភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែទូលំទូលាយថែមទៀត។
របាយការណ៍ក្រសួងទេសចរណ៍បានបង្ហាញថា ក្នុងចំណោមទេសចរបរទេសជាង ៦,៧ លាននាក់ កម្ពុជាទទួលបានភ្ញៀវទេសចរអារ៉ាប៊ីសាអ៊ូឌីតប្រមាណតែ ៤០០ នាក់ប៉ុណ្ណោះក្នុងឆ្នាំ២០២៤៕
评论被关闭。