ឯកអគ្គរដ្ឋទូតចិន វ៉ាង វិនពីន លើកទឹកចិត្តនិងគាំទ្រការបណ្តុះបណ្តាលគរុកោសល្យភាសាចិននៅកម្ពុជា

លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​កម្ពុជា បានបង្ហាញ​នូវសេចក្តី​សោមនស្ស​រីករាយ និងគាំទ្រ​យ៉ាងពេញទំហឹង​ដល់ការ​បណ្តុះបណ្តាល​គរុកោសល្យ​ភាសាចិន​នៅកម្ពុជា តាមរយៈ​សមាគម​សម្ព័ន្ធ​ខ្មែរចិន​នៅកម្ពុជា។

តាមរយៈសំណេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ លោក វ៉ាង វិនពីន បានមាន​ប្រសាសន៍ថា លោកមាន​សេចក្តី​សោមនស្ស​រីករាយ​ជាខ្លាំង ដែលបាន​ចូលរួម​ក្នុងពិធី​ប្រគល់​សញ្ញាបត្រ​ដល់សិក្ខាកាម​ថ្នាក់គរុកោសល្យ​ជំនាន់ទី៣ របស់​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​គរុកោសល្យ​នៃសមាគម​សម្ព័ន្ធ​ខ្មែរចិន​នៅកម្ពុជា។

លោកបន្ថែមថា៖ “ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នា​នឹងខិតខំ​ប្រឹងប្រែង​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស ផ្នែកភាសាចិន-ខ្មែរ​កម្រិត​ខ្ពស់បន្ថែម​ទៀតឱ្យកាន់​តែច្រើន និងបង្កើត​បេសកជន​ចំណង​មិត្តភាព​ចិន-កម្ពុជា​កម្រិតខ្ពស់​បន្ថែមទៀត។ ស្ថានទូតចិន​ប្រចាំ​នៅកម្ពុជា នឹងបន្ត​គាំទ្រ​ដល់ការ​បណ្តុះ​បណ្តាល​គរុកោសល្យ​ភាសាចិន​នៅកម្ពុជា និងគាំទ្រ​ឱ្យសម្រេចបាន​ការអភិវឌ្ឍ ប្រកប​ដោយគុណភាព​ខ្ពស់​និងនិរន្តរភាព​ក្នុងវិស័យ​អប់រំ​ភាសាចិន​នៅកម្ពុជា”។

នៅក្នុង​ពិធី​​ប្រគល់​សញ្ញាបត្រ​ដល់សិក្ខាកាម​ថ្នាក់គរុកោសល្យ​ជំនាន់ទី៣ របស់​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​គរុកោសល្យ​នៃសមាគម​សម្ព័ន្ធ​ខ្មែរចិន​នៅកម្ពុជា នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ លោក វ៉ាង វិនពីន បានថ្លែងថា ភាសាចិន​ពិតជា​មានសារៈសំខាន់​ខ្លាំងណាស់ ក្នុងការ​ជំរុញ​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រជាជន​និងប្រជាជន និង ការផ្លាស់ប្តូរ​វប្បធម៌​ទៅវិញ​ទៅមក​នៃប្រទេស​ទាំងពីរ ចិន-កម្ពុជា។

លោក វ៉ាង វិនពីន សង្ឃឹមថា ក្រោយបញ្ចប់​ការសិក្សា សិក្ខាកាម​ទាំងអស់​នឹងខិតខំ​ប្រឹងប្រែង​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ពីរភាសា ចិន-ខ្មែរ កម្រិតខ្ពស់​ឱ្យបាន​កាន់តែ​ច្រើនថែមទៀត បង្កើត​បេសកជនចំណង​មិត្តភាព​ចិន-កម្ពុជា​ជាន់ខ្ពស់​កាន់តែ​ច្រើនបន្ថែមទៀត ដើម្បី​ចូលរួម​ចំណែក​កាន់តែ​ធំធេង​ក្នុងការ​កសាង​សហគម​វាសនារួម​ចិន-កម្ពុជានាយុគសម័យថ្មី។

ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​នេះផងដែរ លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធាន​សមាគម​សម្ព័ន្ធ​ខ្មែរចិន​នៅកម្ពុជា បានលើកឡើង​អំពី​វឌ្ឍនភាព​របស់​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​គរុកោសល្យ​នៃសមាគម​សម្ព័ន្ធ​ខ្មែរចិន​នៅកម្ពុជា។ លោកបាន​លើកទឹកចិត្ត​ដល់សិក្ខាកាម​ទាំងអស់ ឱ្យមាន​ឆន្ទៈខ្ពស់​និងរឹងមាំ​ក្នុងការ​ប្រកបអាជីព​ជាគ្រូបង្រៀន បន្ត​ការអភិវឌ្ឍ​វិស័យ​អប់រំ​ភាសាចិន ចូលរួម​ចំណែក​ក្នុងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិននាយុគសម័យថ្មី។

​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​គរុកោសល្យ​នៃសមាគម​សម្ព័ន្ធ​ខ្មែរចិន​នៅកម្ពុជា បានបើក​ដំណើរការ​​នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។ គិតត្រឹម​បច្ចុប្បន្ន​ មានសិក្ខាកាម​ចំនួន ២៤៣ នាក់​ហើយដែល​បានបញ្ចប់​ការសិក្សា​ដោយជោគជ័យ។ ដោយឡែក ក្នុងចំណោម​សិក្ខាកាម​ចំនួន ៨៩ នាក់​ដែលបានបញ្ចប់​ការសិក្សា​នាអាណត្តិទី៣នេះ មានសិក្ខាកាម​ចំនួន ៦១ នាក់​ហើយដែលត្រូវបាន​សាលារៀនទទួល​ធ្វើជា​សមាជិក​​បំពេញ​ការងារ​ជាគ្រូបង្រៀន​ជាផ្លូវការ៕

你可能还喜欢

评论被关闭。