សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសាររំលែកទុក្ខចំពោះសោកនាដកម្មភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារលិខិតមួយច្បាប់ជូនលោក ចូ បៃឌិន (Joe Biden) ប្រធានាធិបតីអាម៉េរិក ដើម្បីចូលរួមរំលែកទុក្ខចំពោះសោកនាដកម្មភ្លើងឆេះព្រៃដ៏សាហាវនៅក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក។
ក្នុងលិខិតចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ស្ថានភាពភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ាដើមឆ្នាំនេះ ជាសោកនាដកម្មនិងការបំផ្លាញដ៏ធំធេងដែលធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស ហើយមនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងនិងសហគមន៍របស់ពួកគេ។
សម្ដេចធិបតីមានប្រសាសន៍ថា៖ “ក្នុងឱកាសដ៏ក្រៀមក្រំនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារនៃសព និងតាមរយៈលោកប្រធានាធិបតីជូនចំពោះប្រជាជនអាម៉េរិក ជាពិសេសអ្នកដែលរងគ្រោះដោយផ្ទាល់ពីគ្រោះមហន្តរាយដ៏សោកនាដកម្មនេះ”។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់នៅក្នុងលិខិតនោះថា សម្តេចជឿជាក់ថាសហរដ្ឋអាម៉េរិកនឹងយកឈ្នះលើបញ្ហានេះ ហើយនឹងរឹងមាំជាងពេលណាទាំងអស់។
អគ្គីភ័យនៅ Los Angeles ចាប់ផ្តើមឆាបឆេះកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ពេលនេះបានឆាបឆេះលើផ្ទៃដីសរុប ១៥ ៧៨២ ហិកតាហើយ ដោយបំផ្លាញសំណង់អគារនិងផ្ទះសម្បែងជាង ១២ ០០០ ខ្នង និងជំរុញឱ្យមនុស្ស ១៨០ ០០០ នាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនចាកចេញពីផ្ទះសម្បែង។ គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ចំនួនមនុស្សដែលស្លាប់ដោយសារភ្លើងឆេះព្រៃនៅទីក្រុង Los Angeles បានកើនដល់ ២៤ នាក់ហើយ ខណៈដែលមន្ត្រីប្រចាំតំបន់ព្រមានថា តួលេខអ្នកស្លាប់អាចនឹងហក់ឡើងជាបន្តទៀត៕
评论被关闭。