សហរដ្ឋអាម៉េរិកនៅតែជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជាសម្រាប់ឆ្នាំ ២០២៤

សហរដ្ឋអាម៉េរិក​នៅតែជា​ទីផ្សារ​នាំចេញ​ទំនិញ​ធំជាងគេ​របស់​កម្ពុជាក្នុងឆ្នាំ២០២៤ ដែលសម្រេចបាន​​ទំហំ​ទឹក​ប្រាក់​ជាង ៩,៩១ ប៊ីលានដុល្លារអាម៉េរិក។

យោងតាមរបាយការណ៍​​របស់​អគ្គនាយកដ្ឋាន​គយ​និង​​​រដ្ឋាករ​​កម្ពុជា ​(GDCE) ​បានបង្ហាញថា នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​​កម្ពុជា-អាម៉េរិក​សម្រេចបាន​ទឹកប្រាក់​ជាង ១០ ប៊ីលាន​ដុល្លារ កើនឡើង ១១% ធៀបនឹង​​ឆ្នាំ​២០២៣​ ក្នុង​នោះ​​កម្ពុ​ជា​​​នាំចេញ​ទំនិញ​ទៅអាម៉េរិក​មានតម្លៃ​ជាង ៩,៩១ ប៊ីលាន​ដុល្លារ កើន​ឡើង ១១,៤% រីឯទំនិញ​អា​ម៉េរិក​នាំចូល​មក​​​កម្ពុជា​មានតម្លៃ​ជាង ២៦៤ លានដុល្លារ កើនឡើង ២%។

ការកើនឡើង​នៃតម្រូវការ​ទីផ្សារ​អន្តរជាតិ​ ដែលរួមមានសហរដ្ឋអាម៉េរិកនិងអឺរ៉ុប ធ្វើឱ្យ​ការនាំចេញ​របស់​​កម្ពុជា​​មាន​កំណើន។ ក្នុងនោះ សេដ្ឋកិច្ច​​អាម៉េរិក​និងបណ្តា​ប្រទេស​ធំៗ​មួយចំនួន​មានកំណើន ជាកត្តា​អូសទាញ​តម្រូវការ​ពីប្រទេស​នានា ដូច្នេះហើយ​ទើបធ្វើឱ្យ​​ការ​​នាំចេញ​របស់​កម្ពុជា​មានការ​កើនឡើងដែរ។ ម្យ៉ាងទៀត កំណើន​នៃការនាំចេញ​របស់​កម្ពុជា ក៏ដោយសារ​តែរោងចក្រ​សហគ្រាស​នៅក្នុង​ផ្នែក​កម្មន្តសាល ផ្ទេរពី​ការ​ផលិត​តែសម្លៀកបំពាក់​ទៅលើ​ទំនិញ​ផ្សេងៗទៀត ហើយទំនិញ​កម្ពុ​ជា​ដែលនាំចេញ​ទៅអាម៉េរិក​និងអឺរ៉ុប នៅតែ​មានភាព​ប្រកួត​ប្រជែង។

GDCE បានឱ្យដឹងថា ទំនិញ​ដែលកម្ពុជា​នាំចេញ​ទៅអាម៉េរិក​មានដូចជា សម្លៀកបំពាក់ សម្ភារៈ​ធ្វើដំណើរ កង់ និង ​សម្ភារៈ​​ប្រើប្រាស់​មួយចំនួនទៀត។ ចំណែកទំនិញ​ដែលអាម៉េរិក​នាំចូល​មកកម្ពុជា​មានដូចជា រថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសម្អាង សម្ភារៈអគ្គិសនី អេឡិចត្រូនិក និង សម្ភារៈ​ប្រើប្រាស់​មួយចំនួនទៀត៕

你可能还喜欢

评论被关闭。