កម្ពុជាទទួលបានគម្រោងវិនិយោគ ៤១៤ គម្រោង ជាមួយទុនសរុបជិត ៧ ប៊ីលានដុល្លារក្នុងឆ្នាំ២០២៤
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មានឱ្យដឹងថា កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៤១៤ គម្រោង ជាមួយទុនវិនិយោគសរុបប្រមាណ ៦,៩ ប៊ីលានដុល្លារអាម៉េរិក និងបង្កើតការងារបានជិត ៣២ ម៉ឺនកន្លែងដល់ប្រជាពលរដ្ឋកម្ពុជា។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់បន្ថែមថា ក្នុងចំណោមគម្រោងវិនិយោគទាំង ៤១៤ គម្រោងនេះ មាន ២៦៥ គម្រោងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស និង ១៥០ គម្រោងទៀតស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ក្នុងនោះដែរ មាន ៣៨៧ គម្រោងជាគម្រោងវិនិយោគថ្មី និង ២៧ គម្រោងជាគម្រោងពង្រីកផលិតកម្ម។
CDC ក៏បានបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២៤ គម្រោងវិនិយោគដែលត្រូវបានអនុម័ត មានការកើនឡើងចំនួន ១៤៦ គម្រោង ហើយទុនវិនិយោគមានការកើនដល់ជិត ២ ប៊ីលានដុល្លារ ស្មើនឹងជិត ៤០% ធៀបនឹងឆ្នាំ២០២៣ ក្នុងនោះគម្រោងពង្រីកផលិតកម្មបានកើនពី ២១ គម្រោង ឡើងដល់ ២៧ គម្រោង។
យោងតាមសេចក្តីប្រកាសព័ត៌មាននេះ វិស័យឧស្សាហកម្មនៅតែបន្តជាវិស័យលេចធ្លោជាងគេ ដោយបានស្រូបទាញគម្រោងវិនិយោគចំនួន ៣៩៤ គម្រោង ស្មើនឹងប្រមាណ ៩៥% នៃចំនួនគម្រោងវិនិយោគសរុប។ ទុនវិនិយោគដែលចាក់ចូលក្នុងវិស័យឧស្សាហកម្មមានប្រមាណ ៤,៨ ប៊ីលានដុល្លារ ដោយចូលរួមចំណែក ៦៩% នៃទុនវិនិយោគសរុប និងមានកំណើនដល់ទៅ ១១០% ធៀបនឹងឆ្នាំ២០២៣។
វិស័យកសិកម្មនិងកសិ-ឧស្សាហកម្មក៏ទទួលបាន ៨ គម្រោងផងដែរ ដោយមានទុនវិនិយោគជាង ១២១ លានដុល្លារ ស្មើនឹង២%។ វិស័យទេសចរណ៍មាន ៤ គម្រោង មានទុនវិនិយោគសរុប ៧៣៨ លានដុល្លារ ស្មើនឹង ១១% វិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗមាន ៨ គម្រោង ជាមួយទុនវិនិយោគសរុបប្រមាណជាង ១,៣ ប៊ីលានដុល្លារ ស្មើនឹងប្រមាណ ១៨% នៃទុនវិនិយោគសរុប៕
评论被关闭。