លោក ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមសហគ្រាសធុនតូច និងមធ្យម

នាព្រឹក​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី១​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានជួប​ពិភាក្សា​ការងារ​ជាមួយគណៈ​ប្រតិភូ​ក្រុមហ៊ុន សហគ្រាស ដែលដឹកនាំ​ដោយលោក Kelvin MO ប្រធាន​សមាគម​សហគ្រាស​ធុនតូច​និងមធ្យម​អាស៊ីប៉ាស៊ីហ្វិក (APASME) នៅទីស្តីការ CDC រាជធានី​ភ្នំពេញ។

នាឱកាស​នៃជំនួបនេះ លោក Kelvin MO លើកឡើង​ពីគោលបំណង​របស់​គណៈប្រតិភូ​ក្នុងការ​ស្វែងយល់​កាន់តែ​ច្បាស់បន្ថែមទៀត​អំពី​បរិយាកាស​វិនិយោគ និងលក្ខខណ្ឌ​បទដ្ឋាន​គតិយុត្ត​នានា​សម្រាប់​កិច្ចវិនិយោគ​នៅកម្ពុជា បន្ទាប់ពី​គណៈប្រតិភូ​ធ្លាប់បាន​ចូលរួម​ក្នុងសិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​វិនិយោគ​នៅកម្ពុជា កាលពី​អំឡុងពេល​បេសកកម្ម​គោះទ្វារ​វិនិយោគ​របស់​លោក ស៊ុន ចាន់ថុល នៅប្រទេស​កាណាដា កាលពី​ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ។ លោកក៏បាន​សន្យាថា នឹងចូលរួម​ផ្សព្វផ្សាយ​ឱ្យបាន​ផុសផុល​អំពី​កាលានុវត្តភាព​របស់​កម្ពុជា។

ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល បានថ្លែង​អំណរគុណ​ចំពោះ​គណៈប្រតិភូ APASME ដែលចាប់អារម្មណ៍​និងជួយផ្សព្វផ្សាយ​ពីកាលានុវត្តភាព​និងសក្តានុពល​វិនិយោគ​របស់​កម្ពុជា ដែលនឹងជួយ​ទាក់ទាញ​វិនិយោគិន​បរទេស​ឱ្យមក​បណ្តាក់ទុន​វិនិយោគ​នៅកម្ពុជា​កាន់តែ​ច្រើន​ថែមទៀត។

ក្នុងឱកាស​នោះផងដែរ លោក ស៊ុន ចាន់ថុល បានលើកឡើង​អំពី​ការ​យកចិត្ត​ទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​វិនិយោគិន តាមរយៈ​ការដាក់ចេញ​នូវគោលនយោបាយ​​និងអត្ថប្រយោជន៍​ជាច្រើន ដើម្បី​បង្កភាពងាយស្រួល​ដល់វិនិយោគិន​ក្នុងការ​វិនិយោគ​នៅកម្ពុជា។

APASME គឺជា​អង្គការ​មិនរកប្រាក់​ចំណេញ ដែលជំរុញ​លើកកម្ពស់​ភាពជា​ដៃគូ​លើវិស័យ​ធុរកិច្ច​និងការវិនិយោគ​នៅអាស៊ី​ប៉ាស៊ីហ្វិក ដែលមាន​បេសកកម្ម​សម្របសម្រួល​និងជំរុញ​ការផ្លាស់ប្តូរ​ទំនាក់ទំនង រវាង​អាជីវកម្ម​ធុនតូច​និងមធ្យម​ជាមួយ​គ្រប់វិស័យ​ពាក់ព័ន្ធ៕

你可能还喜欢

评论被关闭。