កម្ពុជានិងអ៊ីរ៉ង់នឹងបង្កើនកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរបច្ចេកវិទ្យាវះកាត់ដោយរ៉ូបូត
ក្រសួងសុខាភិបាលកម្ពុជានិងអ៊ីរ៉ង់ នឹងបង្កើនកិច្ចសហប្រតិបត្តិការលើគម្រោងការផ្លាស់ប្តូរបច្ចេកវិទ្យាវះកាត់ដោយរ៉ូបូត និងលទ្ធភាពនៃការវិនិយោគលើការនាំចូលផលិតផលឱសថ ឧបករណ៍វេជ្ជសាស្ត្រ និង វ៉ាក់សាំង។
ការបង្កើនកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងជំនួបរវាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជានិងលោក Ali Akbar Nazari ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល រាជធានីភ្នំពេញ។
នៅក្នុងជំនួបនោះ លោក Ali Akbar Nazari បានវាយតម្លៃខ្ពស់ទៅលើការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងឥតឈប់ឈររបស់កម្ពុជា ក្នុងនោះសុខាភិបាលគឺជាវិស័យដែលមានវឌ្ឍនភាពយ៉ាងឆាប់រហ័សបំផុតមួយផងដែរ។ លោកបានបញ្ជាក់ពីជំហររបស់អ៊ីរ៉ង់ ក្នុងការពង្រឹងនិងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការសិក្សាលទ្ធភាពរៀបចំអនុស្សរណៈនៃការយោគយល់គ្នា លើគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ដែលរួមមានការផ្លាស់ប្តូរចែករំលែកចំណេះដឹង និងបទពិសោធន៍នៃបច្ចេកវិទ្យាវះកាត់ដោយរ៉ូបូត ការផ្លាស់ប្តូរបច្ចេកវិទ្យាវេជ្ជសាស្ត្រនិងអ្នកសិក្សាស្រាវជ្រាវ ព្រមទាំងលទ្ធភាពនៃការវិនិយោគលើការនាំចូលផលិតផលឱសថ ឧបករណ៍វេជ្ជសាស្ត្រ និង វ៉ាក់សាំងផងដែរ។
ជាការឆ្លើយតប លោក ឈាង រ៉ា បានសម្តែងនូវការកោតសរសើរដល់ការរីកចម្រើនរបស់អ៊ីរ៉ង់ និងបានបញ្ជាក់ថា នឹងពិនិត្យមើលលទ្ធភាពរៀបចំកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា៕
评论被关闭。