រោងចក្រផលិតសម្បកកង់រថយន្ត WANLI នៅខេត្តស្វាយរៀងបើកការដ្ឋានសាងសង់ជាផ្លូវការ

ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ រោងចក្រ​ផលិត​សម្បកកង់​រថយន្ត​ WANLI នៅខេត្ត​ស្វាយរៀង បានបើក​ការដ្ឋាន​សាងសង់​ជាផ្លូវ​ការ ក្រោមអធិបតីភាព​លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ប្រធានទី១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជាតំណាង​ដ៏ខ្ពង់ខ្ពស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា និងជា​ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា រួមជាមួយ​លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​កម្ពុជា។

ថ្លែងក្នុង​ពិធី​បើកការដ្ឋានសាងសង់​រោងចក្រ​ផលិត​សម្បកកង់​រថយន្ត WANLI លោក វ៉ាង វិនពីន បានមានប្រសាសន៍ថា ការបើក​ការដ្ឋាន​សាងសង់​រោងចក្រ​ផលិត​សម្បកកង់ WANLI នៅកម្ពុជា នាដើម​ឆ្នាំ២០២៥នេះ ជាសញ្ញា​វិជ្ជមាន​សម្រាប់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចនិងពាណិជ្ជកម្ម​រវាង​ចិននិងកម្ពុជា វាក៏ជា​សញ្ញា​មួយដែល​បង្ហាញ​ឱ្យឃើញ​ថា ក្នុងឆ្នាំថ្មីនេះ មានក្រុមហ៊ុន​ចិនកាន់តែ​ច្រើននឹង​មកកម្ពុជា​ដើម្បី​វិនិយោគ​និងចាប់ផ្តើម​អាជីវកម្ម។

លោក ស៊ុន ចាន់ថុល បានលើកឡើង​អំពី​ទំនាក់​ទំនង​យ៉ាងស្អិតល្មួត​រវាង​កម្ពុជានិងចិន ហើយនឹង​បន្ត​រឹតបន្តឹង​ចំណង​មិត្តភាព​ទំនាក់​ទំនង​ការទូត​មួយនេះ ឱ្យកាន់តែ​មានភាព​ល្អប្រសើរឡើង ក្នុងនាមជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​និងជា​មិត្តដែកថែប រួមទាំងការ​សម្រេច​ឱ្យបាន​នូវការកសាង​សហគមន៍​វាសនា​រួមកម្ពុជា-ចិន ក្នុងយុគសម័យ​ថ្មី ប្រកបដោយ​គុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដាខ្ពស់ និង ពង្រឹង​ទំនុកចិត្ត​ផ្នែកនយោបាយ​ដែលកសាង​ឡើងដោយ​ថ្នាក់ដឹកនាំ​មុនៗ។

លោកក៏បាន​លើកឡើង​អំពី​​តួលេខ​នៃការកើនឡើង​របស់​គម្រោង​វិនិយោគ ដែលបង្ហាញ​ឱ្យឃើញ​ពីការជឿ​ទុកចិត្ត​របស់​វិនិយោគិន​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា រួមជាមួយ​នឹងកត្តា​សំខាន់ៗ​ដែលរាជរដ្ឋាភិបាល​កម្ពុចា​ផ្តល់ជូនវិនិយោគិន​ទាំងអស់ ក្នុងនោះ​រួមមាន៖ (១) កត្តា​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង ម៉ាក្រូសេដ្ឋកិច្ច (២)លក្ខខណ្ឌ​ល្អប្រសើរ​នៃក្របខណ្ឌ​ច្បាប់និង​លិខិត​បទដ្ឋាន​គតិយុត្ត (៣) ការបើកចំហ​សេដ្ឋកិច្ច ទទួល​ការវិនិយោគ​ស្ទើរគ្រប់​វិស័យ ជាពិសេស​ភាពអំណោយផល​នៃលក្ខខណ្ឌ​និងការ​លើកទឹកចិត្ត​វិនិយោគ ដូចមាន​ចែងក្នុង​ច្បាប់ស្ដីពី​វិនិយោគ​នៃព្រះរាជាណាចក្រ​កម្ពុជា។

លោកបាន​លើកទឹកចិត្ត​ដល់វិនិយោគិន​ទាំងអស់ ឱ្យបន្ត​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​ល្អៗ​អំពី​បរិយាកាស​វិនិយោគ​នៅកម្ពុជា​ទៅកាន់​វិនិយោគិន​ផ្សេងៗ​ទៀត ដើម្បី​ធ្វើការ​ទាក់ទាញ​វិនិយោគិន​មកបណ្តាក់ទុន​វិនិយោគ​បន្ថែមទៀត​នៅកម្ពុជា ដើម្បី​បង្កើត​ការងារ​បន្ថែម​ជូនប្រជាពលរដ្ឋ​កម្ពុជា ក៏ដូចជា​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ ដើម្បី​ឆ្ពោះទៅ​សម្រេចបាន​នូវចក្ខុវិស័យ​ជាប្រទេស​ចំណូល​ខ្ពស់នៅ​ឆ្នាំ២០៥០។

តំបន់​សេដ្ឋកិច្ច​ពិសេស​បានដើរតួ​នាទី​យ៉ាងសំខាន់​ក្នុងការ​ទាក់ទាញ​ការវិនិយោគ​នៅកម្ពុជា។ បច្ចុប្បន្ន កម្ពុជា​មានតំបន់​សេដ្ឋកិច្ច​ពិសេស​សរុប​ចំនួន ៥២ តំបន់ ក្នុងនោះមាន ២៨ តំបន់​កំពុង​ដំណើរការ ហើយ​តំបន់​សេដ្ឋកិច្ច​ពិសេស ស៊ីនបាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានស្រូបយក​គម្រោង​វិនិយោគ​ផលិត​សម្បកកង់​រថយន្ត​ចំនួន ២ ក្នុងចំណោម​គម្រោង​វិនិយោគ​ផលិត​សម្បកកង់​យានយន្តទាំង ៦ ដែលមានវត្តមាននៅកម្ពុជា។

ការដាក់ទុន​វិនិយោគ​កម្រោង​រោងចក្រ​ផលិត​សម្បក​កង់រថយន្ត WANLI នៅកម្ពុជា គឺកើតចេញ​ពីជំនួប​ពិភាក្សា​ទ្វេភាគី​រវាង​លោក ស៊ុន ចាន់ថុល និងលោក ជីង គ័ងជីន (Jing Guangjun) ប្រធាន​ក្រុមប្រឹក្សា​ភិបាល​សម្ព័ន្ធ​ក្រុមហ៊ុនវិនិយោគ​ឧស្សាហកម្ម ក្វាងចូវ (Guangzhou Industrial Investment Holding Group) ក្នុងដំណើរ​បេសកកម្ម​គោះទ្វារ​វិនិយោគ​ដល់រោងចក្រ WANLI នៅទីក្រុង ក្វាងចូវ ប្រទេសចិន កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។

គម្រោងនេះ​មានទីតាំង​ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស៊ីនបាវិត ក្នុងក្រុងបាវិត ខេត្តស្វាយរៀង មានវិសាលភាព​គ្របដណ្តប់​លើផ្ទៃដី​ប្រមាណ ៣២ ហិកតា ជាមួយ​ទំហំ​ទុនវិនិយោគ​រហូតដល់​ប្រមាណ ៥០០ លាន​ដុល្លារអាម៉េរិក សម្រាប់​ទាំងដំណាក់កាល​ទី១ និងទី២ ដែលរំពឹងថា​នឹងបង្កើត​ឱកាស​ការងារ​ប្រមាណ ១ ០០០ កន្លែង។ គម្រោង​នេះជា​សមិទ្ធផល​ថ្មីមួយ​ដ៏មាន​សារៈសំខាន់​និងមាន​តម្លៃ​សម្រាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះបន្ថែមទៀត ដើម្បី​ចូលរួម​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​របស់​កម្ពុជា​និងសម្រាប់​ខេត្តស្វាយរៀង​ផ្ទាល់ ជាពិសេស​គឺមាន​សង្គតិភាព​ទៅនឹង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ធ្វើពិពិធកម្ម​ផលិតកម្ម​និងលើកកម្ពស់​កំណើន​សេដ្ឋកិច្ច​ក្នុងតំបន់៕

你可能还喜欢

评论被关闭。