ចូលរួមដោយសេរី! សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា នឹងប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរយៈពេល ៣ ថ្ងៃនៅរាជធានីភ្នំពេញ

ស្របពេល​ដែលបុណ្យចូលឆ្នាំ​ថ្មីប្រពៃណី​ចិនខិតជិត​មកដល់ សមាគម​សម្ព័ន្ធ​ខ្មែរចិន​នៅកម្ពុជា នឹងប្រារព្ធ​ពិធី​អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មីប្រពៃណីចិនរយៈពេល ៣ ថ្ងៃ គឺចាប់ពី​ថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការ​សមាគម​សម្ព័ន្ធ​ខ្មែរចិន​នៅកម្ពុជា រាជធានី​ភ្នំពេញ។

ពិធី​អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មីប្រពៃណីចិននេះ ធ្វើឡើង​ក្នុងគោលបំណងស្នូលគឺ “ផ្សព្វផ្សាយ​វប្បធម៌​កម្ពុជា-ចិន” ដើម្បី​ចូលរួម​ចំណែក​ក្នុងការ​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវមិត្តភាព​ប្រពៃណី​រវាង​ប្រជាជន​និងប្រជាជន​នៃប្រទេស​ទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការ​និងការផ្លាស់ប្តូរវប្បធម៌ រួមគ្នា​បង្កើត​ទំព័រថ្មី​នៃ​ទំនាក់​ទំនង​មិត្តភាព​កម្ពុជា-ចិន។

នៅក្នុងពិធី​អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មីប្រពៃណីចិននេះផងដែរ សមាគម​សម្ព័ន្ធ​ខ្មែរចិន​នៅកម្ពុជា​ក៏មាន​រៀបចំ​កម្មវិធី​សំខាន់ៗ​ជាច្រើន មានជាអាទិ៍៖ (១) កម្មវិធី​សម្តែង​សិល្បៈ​វប្បធម៌​ប្រពៃណី​កម្ពុជា-ចិន។ (២) ពិព័រណ៍​ម្ហូបអាហារ​បែបខ្មែរ​និងចិន។ (៣) ការ​ធ្វើ​វត្ថុ​អនុស្សាវរីយ៍​បែបប្រពៃណីចិន រួមមាន​គ្រឿងលម្អ ការកាត់​បិទ​ក្រដាស។ល។ (៤) កម្មវិធី​លេង​ល្បែង​កម្សាន្ត​ប្រជាប្រិយ កម្មវិធី​ចាប់រង្វាន់ និង កម្មវិធី​ផ្តល់​វត្ថុ​អនុស្សាវរីយ៍​ស្រស់ស្អាត​ជាច្រើន។

កម្មវិធី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិននេះ នឹងបើកឱ្យ​សាធារណជន​ទីជិត​ទីឆ្ងាយ ចូលរួម​​ដោយសេរី​និងឥតគិតថ្លៃ ដើម្បី​ផ្តល់ឱកាស​ជូន​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា ចូលរួម​អបអរសាទរ​​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​​ចិននេះ​ឱ្យបាន​ច្រើនកុះករ និងស្វែងយល់​អំពី​ទំនាក់ទំនង​មិត្តភាព​ដ៏ស្អិតល្មួត​រវាង​កម្ពុជា​និងចិន ក៏ដូចជាសិក្សា​ស្វែងយល់​អំពី​វប្បធម៌​ប្រពៃណីរបស់ចិន ដើម្បីចូលរួម​ចំណែក​ជំរុញ​មិត្តភាព​កម្ពុជា-ចិន ឱ្យកាន់តែ​ល្អប្រសើរ​នាពេលអនាគត។ ជាពិសេស ដើម្បី​ទទួលបាន​នូវប្រសិទ្ធពរជ័យ​និងសំណាងល្អ​​នាឱកាស​ឆ្នាំថ្មីនេះ។

អាសយដ្ឋាន​សមាគម​សម្ព័ន្ធ​ខ្មែរចិន​នៅកម្ពុជា (Federation of Khmer Chinese in Cambodia) អាចស្វែងរក​តាមរយៈ​ផែនទី​បង្ហាញផ្លូវ​អនឡាញ តាមរយៈ​វាយបញ្ចូល​ឈ្មោះ​សមាគមដោយផ្ទាល់ ឬទំនាក់ទំនង​តាមរយៈ​ទូរសព្ទលេខ៖ ០៧៧ ៥៣៥ ១៣៣ / ០៧០ ៦៨៨ ៩៨៨ / ០១២ ៩៥៤ ៥៧៧៕

你可能还喜欢

评论被关闭。