កម្ពុជា-ជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ប្រទេសទាំងពីរ

កម្ពុជា​និងជប៉ុន​បានឯកភាពគ្នា​ជាឯកច្ឆន្ទ​ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ ផ្សព្វផ្សាយ​ពីសក្តានុពល​ទេសចរណ៍​នៃប្រទេស​ទាំងពីរ តាមរយៈ​ពិព័រណ៍ទេសចរណ៍​ពិភពលោកនិងកម្មវិធី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត។

ឯកភាពគ្នា​ជាឯកច្ឆន្ទ​ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា​និងជប៉ុននេះ ធ្វើឡើង​ក្នុងជំនួប​រវាង​លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជានិង​លោក UENO Atsushi ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការ​ក្រសួង​ទេសចរណ៍ រាជធានី​ភ្នំពេញ។

នាឱកាស​នៃជំនួប​នេះ ភាគី​ទាំងពីរបាន​ពិភាក្សា​​និងផ្លាស់ប្តូរ​ទស្សនៈ​គ្នា ដើម្បី​បង្កើន​ការផ្សព្វផ្សាយ​អំពី​សក្តានុពល​វិស័យ​ទេសចរណ៍​នៃប្រទេស​ទាំងពីរ​កម្ពុជា-ជប៉ុន តាមរយៈ​ព្រឹត្តការណ៍​ពិព័រណ៍​ពិភពលោកឆ្នាំ២០២៥ នៅប្រទេសជប៉ុន (Japan Expo) ការជំរុញ​ឱ្យមាន​ជើងហោះហើរត្រង់​រវាង​កម្ពុជា​និងជប៉ុន ការរៀបចំ​ទស្សនកិច្ច​ស្វែងយល់​ពីទេសចរណ៍​កម្ពុជា (FAM Trip) សម្រាប់​ជំនួប​រវាង​វិស័យ​ឯកជន​ក្នុងវិស័យ​ទេសចរណ៍​នៃប្រទេស​ទាំងពីរ។

ភាគី​ទាំងពីរក៏បានពិភាក្សា​អំពីកិច្ច​សហការ​ថតវីដេអូ​ស្តីពី​ទេសចរណ៍ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា-ជប៉ុន​​ឱ្យកាន់តែ​ទូលំ​ទូលាយ និងបង្កើន​ការទិញ-លក់​កញ្ចប់​ទស្សនកិច្ច​រវាង​ប្រទេស​ទាំងពីរ​ឱ្យបានច្រើន​បន្ថែមទៀត។

ក្នុងឱកាស​នោះផងដែរ លោក UENO Atsushi បានឱ្យដឹងថា ​ជប៉ុននឹងបន្ត​ជួយផ្សព្វផ្សាយ​អំពី​ស្ថានភាព​សង្គម សន្តិសុខ និង សុវត្ថិភាព​ពិតនិងល្អប្រសើរ​នៅកម្ពុជា ជូនដល់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និង ធុរជន​ជប៉ុន។

ជាការឆ្លើយតប លោក ហួត ហាក់ បានថ្លែងអំណរគុណ​ចំពោះ​ប្រជាជន​និងរាជរដ្ឋាភិបាល​ជប៉ុន ដែលជានិច្ចកាល​តែងតែ​គាំទ្រ​និងជួយដល់​កិច្ចអភិវឌ្ឍ​របស់​កម្ពុជា ជាពិសេស ជប៉ុន​បានជួយផ្សព្វផ្សាយ​អំពី​សក្តានុពល​ទេសចរណ៍​កម្ពុជា​ដល់គ្រប់មជ្ឈដ្ឋាន​នៅក្នុង​ប្រទេស​ជប៉ុន ដែលជា​ផ្នែកមួយ​ដ៏សំខាន់​ក្នុងការ​ជួយជំរុញ​វិស័យ​ទេសចរណ៍​កម្ពុជា ឱ្យមាន​ការអភិវឌ្ឍ​និងរីកចម្រើន​កាន់តែខ្លាំងថែមទៀត៕

你可能还喜欢

评论被关闭。