ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន សម្រេចបានជាង ១៥ ប៊ីលានដុល្លារក្នុងឆ្នាំ២០២៤

របាយការណ៍​​អគ្គនាយកដ្ឋាន​គយនិង​រដ្ឋាករ​កម្ពុជា ​(GDCE) បានឱ្យដឹងថា ទំហំ​ពាណិជ្ជកម្ម​ទ្វេរភាគី កម្ពុជា-ចិន សម្រេច​បានជាង ១៥ ប៊ីលាន​ដុល្លារអាម៉េរិក​ក្នុងឆ្នាំ២០២៤ កើនឡើង​ជិត ២៤% បើធៀបនឹងឆ្នាំ២០២៣ ដែលមានជាង ១២ ប៊ីលានដុល្លារ។

GDCE បានបង្ហាញថា គិតចាប់ពី​ដើមខែមករា​ដល់ដំណាច់​ខែធ្នូ ឆ្នាំ​២០២៤ ការនាំចេញ​ពីកម្ពុជា​ទៅចិន​សម្រេច​បានជាង ១,៧៥ ប៊ីលានដុល្លារ កើនឡើង ១៨,៤% ខណៈ​ការនាំចូល​ពីចិន​មកកម្ពុជា​សម្រេច​បានជាង ១៣,៤៣៩ ប៊ីលានដុល្លារ កើនឡើងប្រមាណ ២៤,៦%។ សម្រាប់​តុល្យភាព​ជញ្ជីង​ពាណិជ្ជកម្ម​ឆ្នាំ២០២៤ កម្ពុជា​មានឱនភាព​រហូត​ទៅដល់​ជាង ១១,៦៨៩ ប៊ីលានដុល្លារ។

ការកើនឡើង​ជាលំដាប់​ទាំងការដោះដូរទំនិញនិងលំហូរ​វិនិយោគកម្ពុជា-ចិន គឺផ្តើមចេញ​ពីប្រទេស​ទាំងពីរ​បានអនុវត្ត​នូវកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី។ នារយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ ផលិតផល​របស់​កម្ពុជា ជាពិសេស​ផលិតផល​កសិកម្ម​ជាច្រើន (អង្ករ ដំឡូងមី ម្រេច មៀន​ប៉ៃលិន ស្វាយ និង ចេកជាដើម) ទទួលបាន​ការអនុញ្ញាត​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ខណៈ​ដែលកម្ពុជា​បាននិង​កំពុងតែ​ទាក់ទាញ​វិនិយោគិនចិន​និងអ្នកវិនិយោគ​នៃបណ្តា​ប្រទេស​ផ្សេងៗ​ទៀតជាច្រើន មកបណ្តាក់ទុន​វិនិយោគ​នៅកម្ពុជា​សម្រាប់​នាំចេញ​ទៅ​ប្រទេស​ចិនផងដែរ។

ចិនត្រូវបាន​ទទួល​ស្គាល់ថា ជាប្រទេស​ដ៏សំខាន់​មួយ​ដែល​ផ្គត់ផ្គង់​វត្ថុធាតុដើម​សម្រាប់​វិស័យ​កាត់ដេរ​របស់​កម្ពុជា ហើយចិន​ក៏ជា​ប្រភព​ផ្គត់ផ្គង់​សម្ភារៈ​សំណង់​ដ៏ធំមួយ​របស់​កម្ពុជា ស្របពេល​ដែលផលិតផល​ចំណី​អាហារ​និងម្ហូបមួយចំនួន ក៏ត្រូវបាន​កម្ពុជា​នាំចូល​ពីចិន​ដើម្បី​បំពេញ​តម្រូវការ​ក្នុងស្រុក​ផងដែរ៕

你可能还喜欢

评论被关闭。