ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពិនិត្យសំណើវិនិយោគ ១៧ គម្រោង ដែលមានទុនសរុបប្រមាណ ១៥០ លានដុល្លារ

គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានបើក​កិច្ចប្រជុំ​ច្រកចេញចូល​តែមួយ ពិនិត្យ​ពិភាក្សា​លើសំណើ​សុំចុះ​បញ្ជី​គម្រោង​វិនិយោគ​ចំនួន ១៧ គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ ១៥០ លាន​ដុល្លារអាម៉េរិក និងអាច​បង្កើត​ការងារ​បានចំនួន​ប្រមាណ ៩ ០០០ កន្លែង។

កិច្ចប្រជុំ​នេះធ្វើឡើ​ក្រោមអធិបតីភាព​លោក ជា វុទ្ធី អគ្គលេខាធិការ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា និងមានការ​​ចូលរួម​ពីតំណាង​ក្រសួង ស្ថាប័ន និង រដ្ឋបាល​រាជធានី-ខេត្ត​ពាក់ព័ន្ធ។

បើតាម​មន្រ្តី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុងចំណោម​គម្រោង​វិនិយោគ​ទាំង ១៧ គម្រោងនេះ មានមុខសញ្ញា​វិនិយោគ​ក្នុងវិស័យ​កសិកម្ម​និងកសិ-ឧស្សាហកម្ម​​ចំនួន ១ គម្រោង គឺគម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ជ័រកៅស៊ូ។ ចំណែក ១៦ គ្រោង​ទៀតគឺមាន​មុខសញ្ញា​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​ មានជាអាទិ៍៖ គម្រោង​បង្កើត​​រោងចក្រ​​កែច្នៃ​លោហធាតុ ផ្គុំដំឡើង​គ្រឿងអេឡិចត្រូនិក ផលិត​អំពូលភ្លើង​និងបរិក្ខារ​អគ្គិសនី ផលិត​គ្រឿងសង្ហារិម ផលិត​ផ្កានិងផ្លែឈើ​សិប្បនិម្មិត ផលិត​ឧបករណ៍​ជាងនិង​ឧបករណ៍​ប្រើប្រាស់​ក្នុងយានដ្ឋាន ផលិត​ចង្ក្រាន​និង​ឡចម្អិន ផលិត​​សម្ភារៈ​វេចខ្ចប់ ផលិត​សម្ភារៈ​សម្រាប់​បោះជំរុំ ខារអំបោះ និង គម្រោង​សេវាបោកគក់​និងជ្រលក់ពណ៌។

ទីតាំង​គោលដៅ​នៃគម្រោង​វិនិយោគ​ ១៧ គម្រោង​ខាងលើ រួមមាន​រាជធានីភ្នំពេញ​និងខេត្តកំពង់ស្ពឺ តាកែវ ត្បូងឃ្មុំ ស្វាយរៀង កំពង់ឆ្នាំង និង ខេត្តបន្ទាយមានជ័យ។

នេះជា​សញ្ញា​វិជ្ជមាន​មួយសម្រាប់​វិស័យ​វិនិយោគ​របស់​កម្ពុជា​នាឆ្នាំ២០២៥នេះ ខណៈឆ្នាំ២០២៤ កម្ពុជា​ទទួលបាន​គម្រោង​វិនិយោគ​ចំនួន ៤១៤ គម្រោង ជាមួយ​ទុនវិនិយោគ​សរុប​ប្រមាណ ៦,៩ ប៊ីលាន​ដុល្លារអាម៉េរិក និងបង្កើត​ការងារ​បានជិត ៣២ ម៉ឺន​កន្លែង​៕

你可能还喜欢

评论被关闭。