ចិនប្រកាសពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា ឱ្យកាន់តែស៊ីជម្រៅ

ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា បានទទួលជួប​ពិភាក្សា​ការងារ​ជាមួយ​លោកវរសេនីយ៍ឯក​ពិសេស ស៊ឹង តាជឺ (SHENG DAZHI) នាយការិយាល័យ​អនុព័ន្ធ​យោធាថ្មី​របស់​ចិនប្រចាំ​កម្ពុជា នៅទីស្តីការ​ក្រសួង​ការពារជាតិ រាជធានីភ្នំពេញ។

នាឱកាស​នៃជំនួប​នេះ លោក ស៊ឹង តាជឺ បានថ្លែងថា ចិននឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​កម្ពុជា​ឱ្យកាន់តែ​ស៊ីជម្រៅ​និងខ្លាំងក្លា​ថែមទៀត ហើយក្នុងនាម​ជាអនុព័ន្ធ​យោធា​ចិនប្រចាំ​កម្ពុជា លោកនឹង​ខិតខំ​បំពេញ​តួនាទី​ជាស្ពាន​រឹតចំណង​មិត្តភាព​រវាង​កម្ពុជានិងចិន ជាពិសេស​លើវិស័យ​កងទ័ព។

ជាការ​ឆ្លើយតប លោក ទៀ សីហា បានសម្តែង​នូវការ​ស្វាគមន៍​និងសាទរ​ចំពោះ​លោក ស៊ឹង តាជឺ ដែលត្រូវបាន​ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ​ចិន ចាត់តាំង​ជានាយការិយាល័យ​អនុព័ន្ធ​យោធា​ចិនប្រចាំ​កម្ពុជា​នាពេលនេះ។ លោកចាត់ទុក​ឯកអគ្គរដ្ឋទូត ក៏ដូចជា​នាយការិយាល័យ​អនុព័ន្ធ​យោធា ​ចិនប្រចាំ​កម្ពុជា គឺសុទ្ធសឹង​ជាតួអង្គ​ដ៏សំខាន់​ក្នុងការ​ទំនាក់​ទំនង​ដោះស្រាយ​បញ្ហា និងពង្រឹង​កិច្ចសហប្រតិបត្តិការ​ដ៏ល្អ រវាង​ប្រជាជន​និងកងទ័ព​នៃប្រទេស​ទាំងពីរ កម្ពុជា-ចិន។

លោក ទៀ សីហា ក៏បាន​គូសរំលេច​អំពី​ទំនាក់​ទំនង​មិត្តភាព​និងកិច្ចសហប្រតិបត្តិការ​ដ៏ល្អ រវាង​កងទ័ព​នៃប្រទេស​ទាំងពីរ ដែលបាន​ឈានពី​គ្រប់ជ្រុងជ្រោយ​មកដល់​មិត្តភាព​ដែកថែប និងបាន​បន្ត​ពូនជ្រំ​ឈានដល់​មិត្តភាព​និងកិច្ចសហប្រតិបត្តិការ​ត្បូងពេជ្រ ហើយកម្ពុជា​តែងគាំទ្រ​នូវការផ្ដួចផ្ដើម​គំនិត​របស់​ចិន ពិសេស​ការរួមគ្នា​កសាង​សហគមន៍​វាសនា​រួមគ្នា កម្ពុជា-ចិន នាយុគសម័យថ្មី ប្រកបដោយ​គុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដាខ្ពស់។

លោកសង្ឃឹម​និងជឿជាក់​ថា ការិយាល័យ​អនុព័ន្ធ​យោធា​ចិនប្រចាំ​កម្ពុជា​នឹងបន្ត​រួមចំណែក​គាំទ្រ ​និងធ្វើឱ្យ​ទំនាក់​ទំនង​និងកិច្ចសហប្រតិបត្តិការ​កម្ពុជា-ចិន ឱ្យកាន់តែ​ល្អប្រសើរ​ឡើងបន្ថែមទៀត៕

你可能还喜欢

评论被关闭。