កម្ពុជា-ហ្វីលីពីនប្រកាសពង្រឹងសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Enrique A. Manalo រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីនតាមរយៈទូរសព្ទ ដោយភាគីទាំងពីរបានប្រកាសពួតដៃគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីធានាបាននូវសន្តិសុខក្នុងតំបន់ ក៏ដូចជារវាងប្រទេសនិងប្រទេស។
លោក ប្រាក់ សុខុន និងលោក Enrique A. Manalo បានឯកភាពគ្នាជាឯកច្ឆន្ទក្នុងការពង្រឹងបន្ថែមនូវកិច្ចសហការរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពសកម្មខ្លាំងក្លាបន្ថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដែលរួមមានអំពើជួញដូរមនុស្សនិងការឆបោកតាមប្រព័ន្ធអ៊ីនធើណិតជាដើម។
ក្នុងកិច្ចសន្ទនាតាមទូរសព្ទនេះ លោក ប្រាក់ សុខុន និងលោក Enrique A. Manalo បានផ្លាស់ប្តូរទស្សនៈគ្នាជុំវិញការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-ហ្វីលីពីន ពិសេសទាក់ទងនឹងការត្រៀមរៀបចំដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសហ្វីលីពីននៅខែកុម្ភៈ ឆ្នាំ២០២៥ នេះ ដែលត្រូវបានរំពឹងថា ដំណើរទស្សនកិច្ចនេះនឹងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងសំខាន់លើវិស័យនានា រួមទាំងវិស័យសេដ្ឋកិច្ចផងដែរ។
លោក ប្រាក់ សុខុន និងលោក Enrique A. Manalo គ្រោងជួបគ្នាផ្ទាល់នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅម៉ាឡេស៊ី នាពេលខាងមុខនេះ៕
评论被关闭。