ចិនចង់ផ្សារភ្ជាប់បច្ចេកវិទ្យារបស់ខ្លួនជាមួយសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា
សមាគមអ៊ីនធើណិតខេត្តគុយចូវ (Guizhou) ប្រទេសចិន មានបំណងចង់ផ្សារភ្ជាប់បច្ចេកវិទ្យារបស់ខ្លួន ជាមួយសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ដើម្បីអភិវឌ្ឍនាវានុវត្តន៍បច្ចេកវិទ្យា និងបំពេញតម្រូវការជាក់ស្តែងសម្រាប់សហគ្រាសធុនតូចនិងមធ្យមដែលកំពុងមានវត្តនៅកម្ពុជា។
នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៥ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចមកពីសមាគមអ៊ីនធើណិតខេត្តគុយចូវ នៅទីស្តីការក្រសួងឧស្សាហកម្ម រាជធានីភ្នំពេញ។ ភាគីទាំងពីរបានពិភាក្សាលើការអភិវឌ្ឍនវានុវត្តន៍បច្ចេកវិទ្យា សម្រាប់បំពេញតម្រូវការរបស់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។
លោក អ៊ី ជីនហ្វាង (Yu Junfang) ប្រធានសមាគមអ៊ីនធើណិតខេត្តគុយចូវ បានលើកឡើងពីបទពិសោធន៍នៃបរិវត្តកម្មបច្ចេកវិទ្យារបស់ខេត្តគុយចូវ ដោយបានប្រែក្លាយពីខេត្តដែលមានការអភិវឌ្ឍតិចតួចនៅក្នុងប្រទេស ទៅជាមជ្ឈមណ្ឌលនវានុវត្តន៍ឈានមុខមួយ ក្នុងរយៈពេលត្រឹមតែ ១ ទសវត្សរ៍ តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និង ៥G ដើម្បីធ្វើទំនើបកម្មឧស្សាហកម្មនិងសេដ្ឋកិច្ចរបស់ខេត្ត។
លោកបន្ថែមថា សមាគមមានបំណងចង់រៀបចំកម្មវិធីផ្គូផ្គងអាជីវកម្ម ដើម្បីផ្សារភ្ជាប់ក្រុមហ៊ុនបច្ចេកវិទ្យាចិនជាមួយសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ក្នុងគោលដៅជំរុញការផ្ទេរចំណេះដឹងនិងបង្កើតភាពជាដៃគូដ៏រឹងមាំ។ លោកក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់សមាគមក្នុងការអនុវត្តគំនិតផ្តួចផ្តើមបច្ចេកវិទ្យារួមគ្នាជាមួយកម្ពុជា ដែលអាចនឹងដាក់ឱ្យដំណើរការដំណោះស្រាយបច្ចេកវិទ្យាមួយចំនួននៅក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ លើកទី៣ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។
ជាការឆ្លើយតប លោក ហែម វណ្ណឌី បានកោតសរសើរជោគជ័យរបស់ខេត្តគុយចូវថា ជាគំរូដ៏ល្អមួយ ដោយផ្សារភ្ជាប់នឹងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ខណៈដែលកម្ពុជាកំពុងត្រៀមចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។
លោកបានលើកឡើងថា កម្ពុជាកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់ផលិតភាពរបស់ខ្លួន ដោយជំរុញឱ្យឧស្សាហកម្មក្នុងស្រុកចាប់យកបច្ចេកវិទ្យាទំនើបៗ និងប្រើប្រាស់ភាគលាភប្រជាសាស្រ្ត ស្របតាមអាទិភាពជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញនវានុវត្តន៍បច្ចេកវិទ្យា។
លោក ហែម វណ្ណឌី ក៏បានបង្ហាញការគាំទ្រចំពោះគោលដៅរបស់សមាគម ក្នុងការកៀរគរក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតតូចនិងមធ្យមរបស់ចិន ដើម្បីធ្វើជាដៃគូបង្កើតដំណោះស្រាយសម្រាប់បរិបទកម្ពុជា។
នាឱកាសជំនួបនេះផងដែរ គណៈប្រតិភូធុរកិច្ចចិនបានបង្ហាញពីគម្រោងជោគជ័យមួយចំនួនក្នុងវិស័យទេសចរណ៍ បច្ចេកវិទ្យាវេជ្ជសាស្ត្រ និង ថ្នាលបច្ចេកវិទ្យាសម្រាប់ជំរុញសេដ្ឋកិច្ចឌីជីថល។ ភាគីចិនបានស្នើកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជា ដោយប្រើប្រាស់ជំនាញបច្ចេកវិទ្យារបស់ខ្លួន ដើម្បីបង្កើតដំណោះស្រាយជាក់លាក់សម្រាប់កម្ពុជា។
评论被关闭。