រោងចក្រកាត់ដេរសម្លៀកបំពាក់ម៉ាក Adidas តម្លៃ ៩០ លានដុល្លារនៅកម្ពុជា នឹងបើកដំណើរការផលិតកម្មក្នុងពេលឆាប់ៗនេះ

រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ម៉ាក Adidas ដើម្បី​នាំចេញ​ទៅ​បណ្តា​ប្រទេស​អាស៊ាន សហរដ្ឋអាម៉េរិក និង អឺរ៉ុប ដែលក្រុមហ៊ុន Sunfair Garment វិនិយោគ​ក្នុងទុន​សរុប​ចំនួន ៩០ លានដុល្លារ​អាម៉េរិក នឹងបើកដំណើរការ​ផលិតកម្ម​ក្នុងពេលឆាប់ៗ​ខាងមុខនេះ ដែលនឹង​បង្កើត​ការងារ​ប្រមាណ ៤ ០០០ កន្លែង។

គម្រោង​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ម៉ាក Adidas នេះ ត្រូវបាន​សាងសង់​លើផ្ទៃដី​ទំហំ​ប្រមាណ ៣៣ ហិកតា ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។

Sun Fair Garment ជាក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Marvel Garment បានវិនិ​យោគ​លើការ​កាត់ដេរ​សម្លៀកបំពាក់​ល្បីៗ ដូចជា​ម៉ាក Adidas Nike Polo Puma  និង Lululemon ជាដើម។ ក្រុមហ៊ុន Marvel Garment បានចាប់​ដំណើរការ​វិនិយោគ​នៅកម្ពុជា​នាខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងទុន​វិនិយោគ​ប្រមាណ ២៥០ លាន​ដុល្លារ វិនិយោគ​លើផ្ទៃដី​ទំហំ ៤៥ ហិកតា និងបាន​បង្កើត​ការងារ​ចំនួន​ជាង ១,៣ ម៉ឺន​កន្លែង។

កម្ពុជា​នៅតែ​បន្ត​ទទួលបាន​គម្រោង​វិនិយោគ​ជាច្រើន ជាក់ស្តែង កាលពី​ពេលថ្មីៗ​នេះ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានពិនិត្យ​ពិភាក្សា​លើសំណើ​សុំចុះ​បញ្ជី​គម្រោង​វិនិយោគ​ចំនួន ១៧ គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ ១៥០ លាន​ដុល្លារអាម៉េរិក និងអាច​បង្កើត​ការងារ​បានចំនួន​ប្រមាណ ៩ ០០០ កន្លែង។

ដោយឡែក យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួន ៤១៤ គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ ប៊ីលានដុល្លារ និងអាចបង្កើតការងារបានប្រមាណជិត ៣២ ម៉ឺនកន្លែង៕

你可能还喜欢

评论被关闭。