កម្ពុជាបង្ហាញគម្រោងលើកកម្ពស់សោភ័ណភាព ឆ្នេរតេជោសន្តិភាពកែប និង ឆ្នេរព្រែកត្រែងព្រះសីហនុ

រាជរដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​​ឆ្នេរសមុទ្រ​ជាតំបន់​ប្រកបដោយ​សក្តានុពល ដែលអាចទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និងអន្តរជាតិមកទស្សនា​កម្សាន្ត ជាផ្នែក​មួយដ៏សំខាន់​ក្នុងការ​ជំរុញ​ការអភិវឌ្ឍ​ទេសចរណ៍​និងសេដ្ឋកិច្ច​ជាតិ។19

ជាក់ស្តែង គណៈកម្មាធិការជាតិ​គ្រប់គ្រង​និងអភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និងសំណង់ និង ក្រុមការងារ​ថ្នាក់ជាតិ​​ចុះមូលដ្ឋាន​តំបន់ឆ្នេរ​នៃខេត្តព្រះសីហនុ កំពត និងខេត្តកែប បានបន្ត​កែប្រែ​ស្ថានភាព លើកកម្ពស់​សោភ័ណភាព ​“ឆ្នេរតេជោសន្តិភាព” នៃ​ខេត្តកែប និងផ្តួចផ្តើម​លើកកម្ពស់​គុណភាព “ឆ្នេរព្រែកត្រែង” នៃខេត្តព្រះសីហនុ។

គម្រោង​លើកកម្ពស់​សោភ័ណភាព “ឆ្នេរតេជោសន្តិភាពកែប” (ប្តូរឈ្មោះពី “ឆ្នេរ ២ ៧០០ ម៉ែត្រ”) ជាគម្រោង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ឆ្នេរខ្សាច់​​កម្សាន្ត​សាធារណៈ​កម្រិតខ្ពស់ ស្ថិតនៅក្នុង​សង្កាត់​ព្រៃធំ ​ក្រុងកែប ខេត្តកែប។ គម្រោង​នេះនឹង​លើកកម្ពស់​គុណភាពឆ្នេរ ២ ៧០០ ម៉ែត្រនេះ ឱ្យក្លាយ​ទៅជា​​ឆ្នេរខ្សាច់​កម្សាន្ត​តែមួយគត់ ដែលនឹង​ឆ្លើយតប​បានទៅនឹង​ការរំពឹងទុក​​របស់​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ មកទស្សនា​កម្សាន្ត​នៅឆ្នេរសមុទ្រ​កម្ពុជា។

ដោយឡែក “ឆ្នេរព្រែកត្រែង” ស្ថិតនៅក្នុង​សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នឹងក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏ទាក់ទាញ​​មួយទៀត​​នៅក្នុងខេត្តព្រះសីហនុ ក៏ដូចជា​តំបន់​ឆ្នេរសមុទ្រ​ ដែលនឹង​ទាក់ទាញ​​អ្នកទេសច​រ​ជាតិ-អន្តរជាតិ មកទស្សនា​និងសម្រាក​លម្ហ​នៅតំបន់ឆ្នេរ ក៏ដូចជា​នៅកម្ពុជា។

គម្រោង​លើកកម្ពស់​គុណភាព​អភិវឌ្ឍ​រមណីយដ្ឋាន​ឆ្នេរខ្សាច់​កម្សាន្ត​សាធារណៈ​កម្រិតខ្ពស់ “ឆ្នេរតេជោសន្តិភាពកែប” និង “ឆ្នេរព្រែកត្រែង” ជាគម្រោង​នៃកិច្ចសហប្រតិបត្តិការ​រដ្ឋ​និងវិស័យ​ឯកជន​លើកដំបូង ក្នុងការ​​អភិវឌ្ឍ​ឆ្នេរកម្សាន្ត​សាធារណៈ។

បន្ទាប់ពី​គម្រោង​អភិវឌ្ឍន៍​នេះបានបញ្ចប់​ជាស្ថាពរ ឆ្នេរទាំងពីរនេះ​នឹងក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏ទាក់ទាញ ទាំងភ្ញៀវទេសចរ​ក្នុងស្រុក​និងអន្តរជាតិ ហើយថែមទាំង​បង្កើត​ឱកាស​ការងារ​និងមុខរបរ​បន្ថែម​ទៀត​​សម្រាប់​ប្រជាជន​នៅក្នុង​តំបន់ ដែលនឹង​ផ្តល់ប្រាក់​ចំណូល​ច្រើនជាង​មុន និងធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​ពួកគាត់​កាន់តែ​ល្អប្រសើរ​មួយកម្រិត​ថែមទៀត៕

你可能还喜欢

评论被关闭。