សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាម៉ាឡេស៊ី Tan Sri Dato Johari bin Abdul
នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Tan Sri Dato Johari bin Abdul ប្រធានរដ្ឋសភាម៉ាឡេស៊ី នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
នាឱកាសនៃជំនួបនេះ លោក Tan Sri Dato Johari bin Abdul បានលើកឡើងថា ក្នុងនាមប្រធានអាស៊ាន ម៉ាឡេស៊ីចង់ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនានា នៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និង ធនាគារ។ អាស៊ានគួរតែរីកចម្រើនជាមួយគ្នា ព្រោះអាស៊ានមានទាំងប្រជាជន ថវិកា ទ្រព្យ និង ការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកក្នុងនាមជាក្រុមប្រជាជាតិតែមួយ និងតម្រូវឱ្យយើងកសាងនូវទំនុកចិត្តនិងសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្នា។
លោកបញ្ជាក់ថា រដ្ឋសភាម៉ាឡេស៊ីទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសភា រាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ដើម្បីពង្រឹងសន្ទុះទំនាក់ទំនងរវាងប្រទេសទាំងពីរ និងទំនាក់ទំនងអាស៊ានឱ្យកាន់តែខ្លាំងក្លាថែមទៀត។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក Tan Sri Dato Johari bin Abdul ដែលបានលើកឡើងពីសារៈប្រយោជន៍នៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អ កម្ពុជា-ម៉ាឡេស៊ី និងវឌ្ឍនភាពក្នុងអាស៊ាន។
សម្តេចតេជោក៏បានសម្តែងនូវការអបអរសាទរចំពោះម៉ាឡេស៊ីដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានលើកទី៤៦ និង៤៧ និងគាំទ្រយ៉ាងពេញទំហឹងចំពោះលោក Tan Sri Dato Johari bin Abdul ជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៦ នៅឆ្នាំ២០២៥នេះ។
ទន្ទឹមនឹងនេះ សម្តេចតេជោបានជំរុញឱ្យប្រទេសទាំងពីរដាក់គោលដៅទំហំពាណិជ្ជកម្មឱ្យកើនដល់ ២ ប៊ីលានដុល្លារអាម៉េរិក ដើម្បីជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង ទេសចរណ៍។ សម្តេចបានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និង កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) គឺជាសក្តានុពលនៃការអភិវឌ្ឍអាស៊ានឱ្យមានសមត្ថភាពខ្ពស់និងរឹងមាំ អាស៊ានមិនគួរធ្វើជាស្មៅឱ្យដំរីជាន់នោះទេ។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា ក្នុងនាមជាប្រធានអាស៊ាន ម៉ាឡេស៊ីនឹងធ្វើឱ្យអាស៊ានកាន់តែរីកចម្រើនបន្ថែមទៀត ហើយម៉ាឡេស៊ីគួរពិចារណាផ្តួចផ្តើមរៀបចំយន្តការសម្រាប់ការចរចាពាណិជ្ជកម្មក្នុងកម្រិតអាស៊ានជាមួយដៃគូផងដែរ៕
评论被关闭。