សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននិងពិព័រណ៍ផលិតផលកម្ពុជា-ចិន

ពិធី​ស្វាគមន៍​និងអបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិន និងពិព័រណ៍​ផលិផល​កម្ពុជា-ចិន ដែលរៀបចំ​ដោយសមាគម​សម្ព័ន្ធ​ខ្មែរចិន​នៅកម្ពុជា បានបើក​សម្ពោធ​​ជាផ្លូវការ​នាល្ងាច​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព​លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធាន​សមាគម​សម្ព័ន្ធ​ខ្មែរចិន​នៅកម្ពុជា រួមជាមួយ​វត្តមានតំណាង​ស្ថានទូតចិន​ប្រចាំ​កម្ពុជា សមាគមចិន ក្រុមហ៊ុន សហគ្រាស និង ភ្ញៀវកិត្តិយស​ជាច្រើន​រូបទៀត។

​ពិធី​អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មីប្រពៃណីចិន និងពិព័រណ៍​ផលិតផល​កម្ពុជា-ចិន ធ្វើឡើង​រយៈពេល ៣ ថ្ងៃ គឺចាប់ពី​ថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការ​កណ្តាល​នៃសមាគម​សម្ព័ន្ធ​ខ្មែរចិន​នៅកម្ពុជា។

កម្មវិធីនេះ ធ្វើឡើង​ក្នុងគោលបំណងស្នូលគឺ “ផ្សព្វផ្សាយ​វប្បធម៌​កម្ពុជា-ចិន” ដើម្បី​ចូលរួម​ចំណែក​ក្នុងការ​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវមិត្តភាព​ប្រពៃណី​រវាង​ប្រជាជន​និងប្រជាជន​នៃប្រទេស​ទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការ​និងការផ្លាស់ប្តូរវប្បធម៌ រួមគ្នា​បង្កើត​ទំព័រថ្មី​នៃ​ទំនាក់​ទំនង​មិត្តភាព​កម្ពុជា-ចិន។ ក្នុងនោះក៏មាន​រៀបចំ​កម្មវិធី​សំខាន់ៗ​ជាច្រើន មានជាអាទិ៍៖ (១) កម្មវិធី​សម្តែង​សិល្បៈ​វប្បធម៌​ប្រពៃណី​កម្ពុជា-ចិន។ (២) ពិព័រណ៍​ម្ហូបអាហារ​បែបខ្មែរ​និងចិន។ (៣) ការ​ធ្វើ​វត្ថុ​អនុស្សាវរីយ៍​បែបប្រពៃណីចិន រួមមាន​គ្រឿងលម្អ ការកាត់​បិទ​ក្រដាស។ល។ (៤) កម្មវិធី​លេង​ល្បែង​កម្សាន្ត​ប្រជាប្រិយ កម្មវិធី​ចាប់រង្វាន់ និង កម្មវិធី​ផ្តល់​វត្ថុ​អនុស្សាវរីយ៍​ស្រស់ស្អាត​ជាច្រើន។

គួររម្លឹកថា នេះជា​លើកដំបូង​ដែលសមាគម​សម្ព័ន្ធ​ខ្មែរចិន​នៅកម្ពុជា បានប្រារព្ធ​ពិធី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិន និង​ពិព័រណ៍​ផលិតផល​កម្ពុជា-ចិន ដែលមាន​ទ្រង់ទ្រាយធំ​បែបនេះ ដោយទទួលបាន​ការគាំទ្រ​ពីគ្រប់មជ្ឈដ្ឋាន ហើយសមាគម​ក៏គ្រោងនឹង​កំណត់ថ្ងៃ​ដើម្បី​ប្រារព្ធ​ពិធី​នេះជារៀងរាល់ឆ្នាំ ក្នុងគោលបំណង​រឹតចំណង​មិត្តភាព​កម្ពុជា-ចិនឱ្យកាន់តែ​រឹងមាំ និងធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅនូវការផ្លាស់ប្តូរ​និងស្វែងយល់​ពីវប្បធម៌ ប្រពៃណី​រវាង​កម្ពុជា​និងចិន៕

你可能还喜欢

评论被关闭。