រដ្ឋបាលរាជធានីភ្នំពេញដាក់ចេញវិធានការម៉ឺងម៉ាត់រក្សាសុខសុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំចិន និងវៀតណាម
រដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈនៅរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននិងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។
ក្នុងនោះ ការហែក្បួនដោយគ្មានការអនុញ្ញាតិ ការដុតផាវ កាំជ្រួច ឬ ការបង្កសំឡេងផ្ទុះគ្រប់ប្រភេទ ការលេងល្បែងស៊ីសង ត្រូវបានហាមប្រាមជាដាច់ខាត។
យោងតាមសេចក្តីណែនាំស្តីពី ការរៀបចំរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននិងវៀតណាម ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម អង្គការមិនមែនរដ្ឋាភិបាល រោងចក្រ សហគ្រាស ក្រុមហ៊ុន និង សាធារណជនក្នុងរាជធានីភ្នំពេញចំនួន ៧ ចំណុច ដូចខាងក្រោម៖
១. ហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច ឬ បង្កសំឡេងផ្ទុះគ្រប់ប្រភេទ មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ មិនឱ្យមានការហែក្បួនផ្សេងៗទាំងបែបសាសនាឬប្រពៃណីដែលគ្មានការអនុញ្ញាត។
២. នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរ អង្គភាព សមាគម អង្គការមិនមែនរដ្ឋាភិបាល រោងចក្រ សហគ្រាស ក្រុមហ៊ុន គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និង ត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គីភ័យជាយថាហេតុ។ ដោយឡែក ការដុតក្រដាសសែន ត្រូវប្រើធុងដែកឬឆ្នាំងដី ដើម្បីធ្វើការដុត ហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវឬទ្រូងផ្លូវសាធារណៈឡើយ។
៣. ចាប់ពីពេលនេះតទៅ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យ ដកហូតវត្ថុទាំងនេះដែលមានតាំងលក់នៅតាមទីផ្សារនិងនៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។
៤. រដ្ឋបាលខណ្ឌទាំង ១៤ មន្ទីរនិងអង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយណែនាំ ដល់មន្ត្រីរាជការ កងកម្លាំងក្រោមឱវាទ និង ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យអនុវត្តតាមការណែនាំនេះឱ្យមានប្រសិទ្ធភាព។
៥. មន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ ត្រូវអញ្ជើញបណ្តាសមាគមចិននិងវៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ។
៦. ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង បញ្ជាការដ្ឋានយោធភូមិភាគពិសេស ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព ត្រូវចេញបទបញ្ជាឱ្យបានម៉ឺងម៉ាត់ដល់កម្លាំងរបស់ខ្លួន។
៧. ជនណានៅតែបំពានឬប្រព្រឹត្តល្មើស មិនគោរពតាមការណែនាំខាងលើ បង្កឱ្យមានចលាចលក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ត្រូវទទួលទោសទណ្ឌតាមច្បាប់ជាធរមាន៕