ការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុប ភ្នំពេញ មានតម្លៃជិត ១,៩ ប៊ីលានដុល្លារក្នុងឆ្នាំ២០២៤
ការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) មានទំហំជិត ១,៩ ប៊ីលានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៤ កើនឡើង ១៦% ធៀបនឹងឆ្នាំ២០២៣។
យោងតាមសេចក្តីប្រកាសព័ត៌របស់ RGPPSEZ ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៤កន្លងទៅ តម្លៃនាំចេញពី RGPPSEZ បានកើនឡើងដល់ ១,៨៨ ប៊ីលានដុល្លារ កើនឡើង ១៦% ធៀបនឹងឆ្នាំ២០២៣ ដោយបានរួមចំណែកប្រមាណ ៧% នៃតម្លៃនាំចេញសរុបរបស់កម្ពុជា ដែលមានតម្លៃ ២៦,៦៦៤ ប៊ីលានដុល្លារ។
RGPPSEZ បានបង្កើតឡើងក្នុងឆ្នាំ២០០៦ បច្ចុប្បន្នទទួលបានការវិនិយោគពី ១១៣ ក្រុមហ៊ុនមកពី ១៥ ប្រទេសជុំវិញសកលលោក ដោយវិនិយោគលើវិស័យឧបករណ៍អេឡិចត្រូនិកនិងអគ្គិសនី ការដំឡើងរថយន្តនិងគ្រឿងបង្គុំរថយន្ត។ ក្រុមហ៊ុនឧស្សាហកម្មទាំងនេះ បានបង្កើតឱកាសការងារសម្រាប់ប្រជាជនកម្ពុជាចំនួន ៤៧ ៨០០ នាក់ និងអ្នកជំនាញបរទេសចំនួន ៧០០ នាក់។
RGPPSEZ បានឱ្យដឹងថា ក្នុងរយៈពេល ៥ ឆ្នាំ តម្លៃនៃការនាំចេញទំនិញបានកើនឡើងទ្វេដង គឺពី ៣១៦ លានដុល្លារក្នុងឆ្នាំ២០១៦ ដល់ ៦៨៣ លានដុល្លារក្នុងឆ្នាំ២០២១ ហើយការនាំចេញបានកើនឡើងទ្វេដងម្តងទៀតក្នុងរយៈពេលត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ ដោយឈានដល់ ១,៦២១ ប៊ីលានដុល្លារក្នុងឆ្នាំ២០២៣៕
评论被关闭。