រថយន្តអគ្គិសនី AION V និង HYPTEC HT បើកសម្ពោធដាក់លក់ជាផ្លូវការនៅកម្ពុជា

រថយន្ត​អគ្គិសនី​ទំនើប​ម៉ាក AION V និង HYPTEC HT របស់​ក្រុមហ៊ុន H.H AUTO PRESTIGE បានសម្ពោធ​ដាក់លក់​ជាផ្លូវការ​នៅកម្ពុជា នាល្ងាច​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅផ្សារទំនើប​អ៊ីអន សែនសុខ រាជធានី​ភ្នំពេញ ក្រោមអធិបតីភាព​លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ថ្លែងក្នុង​ពិធី​សម្ពោធ​ដាក់លក់​ជាផ្លូវការ​នេះ លោកស្រី ចម និម្មល បានសម្តែងនូវ​អំណរសាទរ​ដល់ក្រុមហ៊ុន H.H AUTO PRESTIGE ចំពោះ​ភាពរីកចម្រើន​និងការបោះជំហាន​ចូលក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី ដែលជា​ជំហានថ្មី​ដ៏សំខាន់​ក្នុងវិស័យ​យានយន្ត​អគ្គិសនី​នៅកម្ពុជា ហើយជា​ការដើរទាន់​សភាពការណ៍ តាមតម្រូវការ​ទីផ្សារ និង ការអភិវឌ្ឍ​សេដ្ឋកិច្ច-ពាណិជ្ជកម្ម​កម្ពុជា ស្របតាម​និន្នាការ​តំបន់​និងសកលលោក​ផងដែរ។

លោកស្រី ចម និម្មល បានកត់សម្គាល់​អំពី​សន្ទុះ​កើនឡើង​នៃការប្រើប្រាស់ និងការ​អភិវឌ្ឍ​វិស័យ​យានយន្ត​អគ្គិសនី​ទាំងក្នុង​តំបន់​និងសកលលោក ដែលបាន​ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន​តាមរយៈ​ការបង្កើត​ការងារ​សម្រាប់​ពលរដ្ឋ និងផ្តល់​តម្លៃ​បន្ថែម​ក្នុងសេដ្ឋកិច្ច ការការពារ​បរិស្ថាន​និងសុខភាព​ប្រជាជន តាមរយៈ​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នពុល​ ជំនួស​ឱ្យការប្រើប្រាស់​យានយន្ត​ប្រើប្រាស់​ប្រេងឥន្ធនៈ និងការ​ចូលរួម​ធានា​សន្តិសុខ​ថាមពល តាមរយៈ​ការកាត់បន្ថយ​ការពឹងផ្អែក​លើការ​នាំចូល​ប្រេងឥន្ទនៈ​ពីបរទេស ព្រមទាំង​ភាពងាយ​រងគ្រោះ​បណ្ដាល​មកពី​ការប្រែប្រួល​នៃថ្លៃ​ប្រេងឥន្ទនៈ​សកល។

ឆ្លៀតក្នុង​ឱកាស​នេះផងដែរ លោកស្រី​ក៏បាន​លើកឡើង​អំពី​តួនាទី​ដ៏សំខាន់​របស់​វិស័យ​ឯកជន និងភាពជា​ដៃគូ​រវាង​រដ្ឋនិង​វិស័យ​ឯកជន ជាពិសេស​ក្រុមហ៊ុន​វិនិយោគ ធុរកិច្ច សហគ្រាស​ធុនតូច​និងមធ្យម ព្រមទាំង​តួអង្គ​ពាក់ព័ន្ធ​ដទៃទៀត ដែលពិតជា​មិនអាច​ខ្វះបាន​ក្នុងការ​ចូលរួម​អនុវត្ត​គោលនយោបាយ និងយុទ្ធសាស្រ្ត​នានា​របស់​រាជរដ្ឋាភិបាល ជាពិសេស​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​រយៈពេលវែង​ប្រកប​ដោយអព្យាក្រឹត​កាបូន (Cambodia’s Long-Term Strategy for Carbon Neutrality – LTS4CN) និងគោលនយោបាយ​ជាតិស្តីពី​ការអភិវឌ្ឍ​វិស័យ​យានយន្ត​អគ្គិសនី ២០២៤-២០៣០ សំដៅ​រុញច្រាន​កំណើន​សេដ្ឋកិច្ច​ជាតិ និងការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច។

លោកស្រី ចម និម្មល ក៏បាន​លើកទឹកចិត្ត​ដល់វិស័យ​ឯកជន​និងតួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ឱ្យចាប់យក​ឱកាសនេះ ដើម្បី​ចូលរួម​វិនិយោគ​និងអភិវឌ្ឍ​បន្ថែម​លើផ្នែក​និងសេវា​សក្តានុពល​ពាក់ព័ន្ធ​ រួមមាន៖ (១) ការរៀបចំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ (២) ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដោយថាមពល​កកើត​ទ្បើងវិញ (៣) ការធានា​បាននូវ​ស្តង់ដា​គុណភាព​និងសេវា​ថែទាំ ជួសជុល និង សេវា​ពាក់ព័ន្ធ​ដទៃទៀត (៤) ការការពារ​បរិស្ថាន (៥) ការអភិវឌ្ឍ​ជំនាញ​ក្នុងវិស័យ​យានយន្ត​អគ្គិសនី (៦) ការបង្កើត​នូវមូលដ្ឋាន​ផ្គត់ផ្គង់​គ្រឿងបង្គុំ / គ្រឿងបន្លាស់​ដែលមាន​គុណភាព​និងតម្លៃ​សមរម្យ​ក្នុងស្រុក សម្រាប់​ផ្គត់ផ្គង់​តម្រូវការ ស្របតាម​និន្នាការ​កើនទ្បើង​នៃការ​ប្រើបាស់​រថយន្ត​អគ្គិសនី (៧) ការគិតគូរ​ដល់ការ​វិនិយោគ​លើរោងចក្រ​ដំទ្បើង​យានយន្ត​អគ្គិសនី​នៅកម្ពុជា៕

你可能还喜欢

评论被关闭。