សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជាមិនបាននៅពីក្រោយឃាតកម្មលើលោក លិម គិមយ៉ា ទេ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងជាសាធារណៈថា រាជរដ្ឋាភិបាលកម្ពុជាមិនបាននៅពីក្រោមឃាតកម្មលើលោក លិម គិមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលសំខាន់ៗ ក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
សម្ដេចធិបតីអះអាងថា បើរាជរដ្ឋាភិបាលកម្ពុជានៅពីក្រោយករណីឃាតកម្មលើលោក លិម គិមយ៉ា នោះកម្ពុជាមិនបញ្ចូនជនដៃដល់ជនជាតិថៃឈ្មោះ អេកាឡាក់ ភាណយ ទៅឱ្យភាគីថៃវិញឡើយ។ កម្ពុជាបញ្ជូនខ្លួនជនដៃដល់បាញ់សម្លាប់លោក លិម គិមយ៉ា ទៅឱ្យភាគីថៃ ព្រោះចង់បង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាមិននៅពីក្រោយករណីនេះដូចការចោទប្រកាន់ឡើយ ហើយរាជរដ្ឋាភិបាលកម្ពុជាក៏ចង់ដឹងពីមូលហេតុនៃការបាញ់ប្រហារនេះផងដែរ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ត្រូវបានឃាតករ (អេកាឡាក់ ភាណយ) បាញ់សម្លាប់នៅកណ្តាលទីក្រុងបាងកក ប្រទេសថៃ កាលពីល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ លោកត្រូវបានឃាតករបាញ់ត្រូវចំនួន ៣ គ្រាប់ បណ្តាលឱ្យស្លាប់បាត់បង់អាយុជីវិតនៅនឹងកន្លែងកើតហេតុតែម្តង។ រីឯជនដៃដល់ អេកាឡាក់ ភាណយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅស្រុកមោងឫស្សីខេត្តបាត់ដំបង និងបន្ទាប់មកត្រូវបានបញ្ជូនទៅឱ្យភាគីថៃចាត់ការតាមផ្លូវច្បាប់៕
评论被关闭。