សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជាមិនដែលទុកអតីតយុទ្ធជនចោលនោះទេ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនដែលទុកអតីតយុទ្ធជនចោលនោះទេ ការលើកកម្ពស់ជីវភាពនិងកិត្តិយសគឺជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាលចំពោះអតីតយុទ្ធជន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងបែបនេះនៅក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានី សែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
សម្តេចធិបតីបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមិនដែលទុកអតីតយុទ្ធជនចោលនោះទេ ដោយយកចិត្តទុកដាក់ទៅលើកិច្ចការ ២ សំខាន់ គឺជីវភាពនិងកិត្តិយស។ រាជរដ្ឋាភិបាលពិតជាបានដោះស្រាយនិងជួយច្រើនចំពោះអតីតយុទ្ធជន តែនៅតែមិនទាន់បានគ្រប់ ១០០% ឬបំពេញតាមតម្រូវការនោះទេ ព្រោះវាមានទំហំធំ តែយើងនឹងខិតខំបន្ត។ ក្នុងន័យនេះ រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំទាំងអស់ និងក្នុងនាមនាយករដ្ឋមន្ត្រីផ្ទាល់ យើងប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តខិតខំកសាងនិងអភិវឌ្ឍបន្ថែម និងជួយដល់អតីតយុទ្ធជន ដោយធ្វើជាបណ្តើរៗនិងសន្សឹមៗ។
ទន្ទឹមនឹងនេះ សម្តេចធិបតីក៏បានលើកឡើងអំពីពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុតនៅភូមិប៊ុនរ៉ានី សែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ ត្រូវបានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ ដោយមានភូមិ សាលារៀន មន្ទីរពេទ្យ និង ហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន និងមានជីវភាពរស់នៅសមរម្យ។ ជាក់ស្តែង មានអតីតយុទ្ធជនដែលកំពុងមានវត្តមាននៅទីនេះ ជាសាក្សីរស់ ហើយមានសំណាងរស់រានមានជីវិតនិងអាចបង្កើតគ្រួសារ យោធាជាច្រើនរូបក៏អាចត្រឡប់ទៅជួបជុំគ្រួសារ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា ប្រទេសជាតិទទួលបានសុខសន្តិភាពនិងការអភិវឌ្ឍ គឺមិនអាចកាត់ផ្តាច់ពីកិច្ចខិតខំប្រឹងប្រែង តស៊ូពុះពារ និង ពលីជីវិតរបស់អតីតយុទ្ធជនបានឡើយ។ ដូច្នេះ រាជរដ្ឋាភិបាលត្រូវតែគិតគូរដល់ជីវភាពរស់នៅរបស់អតីតយុទ្ធជនទាំងអស់ ធ្វើយ៉ាងណាឱ្យពួកគាត់អាចបង្កបង្កើនជីវភាពរស់នៅបានសមរម្យ៕
评论被关闭。