រាជរដ្ឋាភិបាលលកម្ពុជាដាក់ចេញវិធានការ ២ សំខាន់ ដោះស្រាយបញ្ហាកសិផលស្រូវអង្ករ

នាព្រឹក​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បាន ដាក់ចេញ​នូវវិធានការ ២ សំខាន់​ ដើម្បី​ដោះស្រាយ​បញ្ហា​ស្រូវអង្ករកម្ពុជា ដោយគ្រោងថវិកា​សរុប​ប្រមាណ ២២០ លាន​ដុល្លារអាម៉េរិក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើង​ថា រាជរដ្ឋាភិបាល​ដាក់ចេញ​នូវវិធានការ​ចំនួន ២ ដើម្បី​ដោះស្រាយ​បញ្ហា​ស្រូវអង្ករ​ក្នុងស្រុក ដោយទី១​ជាវិធានការ​ផ្ទាល់ និងទី២​ជាវិធានការ​ប្រយោល។ ក្នុងនោះ វិធានការ​ផ្ទាល់ សម្រេចបាន​ដូចជា៖​ ការបញ្ចេញ​ថវិកា ៤០ លានដុល្លារ បញ្ជូនទៅ​រោងម៉ាស៊ីន​កិនស្រូវ​សម្រាប់​ទទួលទិញ​ស្រូវ សម្រាប់​បង្វិល​ប្រមូល​ទិញកសិផល និងគ្រោង​ថវិកា​បន្ថែម ៣០ លាន​ដុល្លារ​បន្ថែម សម្រាប់ទិញ​និងបង្វិល​ស្រូវបន្ថែម រួមនឹង​យន្តការ​ធានា​ឥណទាន​សម្រាប់​ធានា​ទិញអង្ករ​នូវថវិកា​ជាង ១៥០ លាន​ដុល្លារ​បន្ថែមទៀត។ ចំណែក​វិធានការ​ប្រយោល​ គឺគោលដៅ​សំខាន់​ក្នុងការ​កាត់បន្ថយ​ថ្លៃដើម​នៃការផលិត តាមរយៈ​ការមិនយក​ពន្ធលើដី​កសិកម្ម​របស់​ប្រជាកសិករ ការមិនយក​ពន្ធអាករ​លើឧបករណ៍ សម្ភារៈ​កសិកម្ម វត្ថុធាតុដើម ពូជដំណាំ​និងជី កាត់បន្ថយ​ថ្លៃអគ្គិសនី និង ការចងក្រង​បង្កើត​សហគមន៍​កសិកម្ម​ទំនើប។

សម្តេចធិបតី​បានគូស​បញ្ជាក់​បន្ថែមថា កសិកម្ម​គឺជាវិស័យ​អាទិភាព​សំខាន់​ណាស់ ក្នុងការ​ធានា​ដល់សន្តិសុខ​ស្បៀង​របស់​យើង ដែលរាជរដ្ឋាភិបាល​ត្រូវទទួល​ខុសត្រូវ​ចំពោះ​អ្នកផលិត​និងអ្នកប្រើប្រាស់។ ចំពោះ​អ្នកផលិត រាជរដ្ឋាភិបាល​ធានា​អំពី​តម្លៃ​និងទីផ្សារ តាមរយៈ​គុណភាព​និងថ្លៃដើម ឯអ្នកប្រើប្រាស់ រាជរដ្ឋាភិបាល​ធានា​តម្លៃ​សមរម្យ​និងមិនឱ្យ​ឡើងថ្លៃពេក។ ក្នុងន័យនេះ ចំពោះ​អ្នកផលិត​កសិផល​ជាស្រូវ បន្ថែម​ពីលើ​ការគិតគូរ​លើថ្លៃលក់​និងទីផ្សារ​សម្រាប់​លក់ យើងត្រូវ​គិតគូរ​ជាច្រើន​ដំណាក់កាល៖ ដំណាក់កាល​ទី១ គឺត្រូវ​មានដីសម្រាប់​ដាំដុះ ដំណាក់កាល​ទី២ គឺត្រូវ​មានទឹក​សម្រាប់​ស្រោចស្រព ដំណាក់កាល​ទី៣ គឺត្រូវមាន​ផ្លូវ ភ្លើង​សម្រាប់​ដឹកជញ្ជូន​កសិផល​ឬបូមទឹក​/ប្រើប្រាស់​និងស្រោចស្រព និង ដំណាក់កាល​ទី៤ គឺទីផ្សារ​សម្រាប់​លក់ដូរ ដោយគិត​ទាំងក្នុងស្រុក​និងក្រៅស្រុក៕

你可能还喜欢

评论被关闭。