កម្ពុជារកចំណូលបានជាង ៨៧០ លានដុល្លារពីការនាំចេញសម្បកកង់រថយន្តក្នុងឆ្នាំ២០២៤
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឱ្យដឹងថា កម្ពុជាបាននាំចេញផលិតផលសម្បកកង់រថយន្តក្នុងទំហំទឹកប្រាក់ប្រមាណ ៨៧៤,៦ លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៤ កើនឡើងជិត ១៣០% ធៀបនឹងឆ្នាំ២០២៣ ដែលមានទឹកប្រាក់តែជាង ៣៨០,៦ លានដុល្លារ។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឱ្យដឹងកាលពីពេលថ្មីៗនេះថា ការនាំចេញសម្បកកង់រថយន្តគឺជាសមិទ្ធផលថ្មីមួយរបស់កម្ពុជា ដែលការណ៍នេះឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញនិងពង្រីកការនាំចេញទៅកាន់ទីផ្សារតំបន់និងពិភពលោក។ ការបើកទីផ្សារថ្មីសម្រាប់ផលិតផលសម្បកកង់រថយន្ត គឺជាការបោះជំហានមួយរបស់យើងក្នុងការពង្រីកការនាំចេញ ខណៈដែលឧស្សាហកម្មផលិតសម្បកកង់រថយន្ត គឺជាឧស្សាហកម្មថ្មីមួយរបស់កម្ពុជា។
បច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រផលិតសម្បកកង់រថយន្ដចំនួន ៣៖ (១) ក្រុមហ៊ុន General Tires Technology (Cambodia) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ (២) ក្រុមហ៊ុន Sailun Group ប្រតិបត្តិការតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺក្រុមហ៊ុន Cart Tire នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Qi Lu (Cambodia) ក្រុងបាវិត ខេត្តស្វាយរៀង។ (៣) ក្រុមហ៊ុន Qingdao Doublestar Group នៅខេត្តក្រចេះ ដោយសហការជាមួយក្រុមហ៊ុន UBE Development Co Ltd។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានឱ្យដឹងថា រោងចក្រផលិតសម្បកកង់រថយន្តទាំង ៣ ខាងលើ បានស្រូបយកជ័រកៅស៊ូក្នុងស្រុកប្រមាណ ១៥ ម៉ឺនតោនដល់ ២០ ម៉ឺនតោនក្នុងមួយឆ្នាំ៕
评论被关闭。