កម្ពុជា-ប៉ាគីស្ថានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

នាព្រឹក​ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានទទួលជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ចាំ កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ប៉ាគីស្ថាន នៅវិមាន​សន្ដិភាព រាជធានី​ភ្នំពេញ។

ក្នុងឱកាស​នៃជំនួប លោក ចាំ កាម៉ាល់ ខាន់ បានសម្ដែងនូវ​ការពេញចិត្ត​ចំពោះ​ភាពល្អ​ប្រសើរ​នៃទំនាក់​ទំនង​រវាង​ប៉ាគីស្ថាន​និងកម្ពុជា ដែលវឌ្ឍនភាព​នេះរួមចំណែក​ដល់ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើវិស័យ​ជាច្រើន​រវាង​ប្រទេស​ទាំងពីរ។ លោកក៏បាន​លើកឡើង​អំពី​គោលបំណង​នៃដំណើរ​ទស្សនកិច្ច​របស់​លោកមក​កម្ពុជា គឺដើម្បី​ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ​ពាណិជ្ជកម្ម​ចម្រុះ​កម្ពុជា-ប៉ាគីស្ថាន​លើកទី១​នៅកម្ពុជា ដែលកិច្ចប្រជុំ​នេះនឹងមាន​ជំនួប​រវាង​សហគមន៍​ធុរកិច្ច​ប៉ាគីស្ថាន​និងកម្ពុជា ដែលនឹង​ចូលរួម​ចំណែក​បង្កើតជា​កាលានុវត្តភាព​វិនិយោគ​បន្ថែមទៀត​សម្រាប់​ធុរជន​ប្រទេស​ទាំងពីរ ក៏ដូចជា​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​ប៉ាគីស្ថាន​និងកម្ពុជា​ឱ្យកាន់តែ​រឹងមាំ​ថែមទៀត។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃ​ខ្ពស់និង​ពេញចិត្ត​ចំពោះ​ទំនាក់​ទំនង​ប្រទេស​ទាំងពីរ ហើយតាមរយៈ​កិច្ចប្រជុំ​គណៈកម្មាធិការ​ពាណិជ្ជកម្ម​ចម្រុះ​កម្ពុជា-ប៉ាគីស្ថាន​លើកទី១នេះ បានឆ្លុះបញ្ចាំង​ពីការ​រីកចម្រើន​នៃទំនាក់​ទំនង​កម្ពុជា-ប៉ាគីស្ថាន ហើយកិច្ចប្រជុំ​នេះមិនត្រឹមតែ​ជួយពង្រីក​កាលានុវត្តភាព​វិនិយោគ​ប៉ុណ្ណោះទេ ថែមទាំង​ជួយពង្រីក​កិច្ចសហប្រតិបត្តិការ​លើវិស័យ​សក្ដានុពល​ផ្សេងៗ​រវាង​កម្ពុជា​និងប៉ាគីស្ថាន​ផងដែរ។

សម្ដេចធិបតី​ក៏បាន​គូសបញ្ជាក់​អំពី​ការគាំទ្រ​និងវិធានការ​នានា ដែលត្រូវបាន​ដាក់ចេញ​ដោយរាជរដ្ឋាភិបាល ដើម្បី​ធានា​ដល់ភាពជោគជ័យ​របស់​វិស័យ​ឯកជន​នៅកម្ពុជា ដែលវិស័យ​ឯកជន​បានដើរតួ​នាទី​យ៉ាងសំខាន់​ដល់ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៅកម្ពុជា ចូលរួម​ចំណែក​សំខាន់​ក្នុងការ​លើកកម្ពស់​​ជីវភាព​​រស់​នៅ​របស់​​ប្រជាពលរដ្ឋ។

ក្នុងជំនួប​នេះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក ចាំ កាម៉ាល់ ខាន់ ក៏បាន​ពិភាក្សា​ពីការជំរុញ ការពង្រឹង​និងពង្រីក​កិច្ចសហប្រតិបត្តិការ​លើវិស័យ​សំខាន់​ជាច្រើន​ផ្សេងទៀត រួមមាន​ជាអាទិ៍​៖ វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សុខាភិបាល​ អប់រំ កសិកម្ម បច្ចេកវិទ្យា កម្មន្តសាល ទេសចរណ៍ និង ការតភ្ជាប់​​ប្រជាជន​និងប្រជាជន​រវាង​កម្ពុជា​និងប៉ាគីស្ថាន៕

你可能还喜欢

评论被关闭。