កម្ពុជា-ហ្វីលីពីនឯកភាពគ្នាបង្កើនជើងហោះហើរត្រង់បន្ថែមទៀត ដើម្បីជំរុញវិស័យទេសចរណ៍ប្រទេសទាំងពីរ

កម្ពុជា​និងហ្វីលីពីន​បានឯកភាពគ្នា​ក្នុងការ​ជំរុញ​ការតភ្ជាប់​ជើងហោះ​ហើរ​​ត្រង់ រវាង​គោលដៅ​ទេសចរណ៍​សំខាន់ៗ​នៃប្រទេស​ទាំងពីរ​បន្ថែមទៀត ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​ប្រទេស​ទាំងពីរ​ឱ្យមាន​ការ​រីកចម្រើន​ថែមមួយ​កម្រិតទៀត។

ការឯកភាព​បង្កើន​ជើងហោះហើរ​ត្រង់​នេះ បានធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជានិងលោកស្រី MA. ESPERANZA CHRISTINA GARCIA FRASCO រដ្ឋមន្ត្រី​ទេសចរណ៍​ហ្វីលីពីន កាលពីល្ងាច​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅទីក្រុង​ចូហូ ប្រទេស​ម៉ាឡេស៊ី ដែលជា​ជំនួប​ពិភាក្សា​ការងារ និងជំរុញ​កិច្ចសហប្រតិបត្តិការទេសចរណ៍​កម្ពុជា-ហ្វីលីពីន។

ភាគីទាំងពីរ​បានពិនិត្យ​លើកម្មវិធី​អនុវត្ត​អនុស្សរណៈ​យោគយល់គ្នា ដើម្បី​ពន្លឿន​ការចុះ​ហត្ថលេខា​កម្មវិធី​អនុវត្ត​អនុស្សរណៈ​យោគយល់គ្នា​នេះក្នុងពេល​ដ៏ឆាប់​ខាងមុខនេះ។ ភាគី​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​ក្នុងការ​ជំរុញ​រៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​ទេសចរណ៍រួម ស្តីពី​កិច្ចសហប្រតិបត្តិការ​ទេសចរណ៍​កម្ពុជា-ហ្វីលីពីន​នាពេល​ដ៏ខ្លី​ខាងមុខ និងជំរុញ​វឌ្ឍនភាព​វិស័យ​អាកាសចរណ៍​ប្រទេស​ទាំងពីរ​ ដើម្បី​ផ្តល់ភាព​ងាយស្រួល​បន្ថែមទៀត​ដល់ភ្ញៀវទេសចរ​កម្ពុជា-ហ្វីលីពីន។

គួររម្លឹកថា កម្ពុជា​និង​ហ្វីលីពីន​មាន​ជើងហោះហើរ​​ត្រង់​លើកដំបូង ពី​​រាជធានី​ភ្នំពេញ​-រដ្ឋធានី​ម៉ានីល​នៅ​​ខែមេសា ឆ្នាំ២០១៩ ពោលគឺ​តាំងពី​​ឆ្នាំ​១៩៧០​ ដល់ខែមេសា ឆ្នាំ២០១៩ កម្ពុជា​​មិនទាន់មាន​​ជើងហោះហើរ​ត្រង់​​ណាមួយ​ពី​ភ្នំពេញ​​ទៅមក​​ម៉ានីល​ឡើយ​។ ខណៈ​ដែលពេលនោះ​ប្រទេស​ទាំងពីរមានតែ​ជើង​ហោះហើរ​​ត្រង់​ពី​ទីក្រុង​​សេ​ប៊ូ ​ប្រទេស​ហ្វីលីពីន មកកាន់​​ក្រុង​សៀមរាប ប្រទេស​កម្ពុជា​តែប៉ុណ្ណោះ៕​

你可能还喜欢

评论被关闭。