ត្រឹមឆ្នាំ២០២៤ រាជធានីភ្នំពេញមានសំណង់បណ្តុំផ្ទះលែ្វង ៤៥៣ កន្លែង អគារខ្ពស់ចាប់ពី ៥ ជាន់ឡើងមាន ១ ៨៧៧ អគារ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា ត្រឹមឆ្នាំ២០២៤ រាជធានីភ្នំពេញមានសំណង់បណ្តុំផ្ទះលែ្វងចំនួន ៤៥៣ កន្លែង អគារខ្ពស់ៗចាប់ពី ៥ ជាន់ឡើងទៅមានចំនួន ១ ៨៧៧ អគារ និង មានរោងចក្រចំនួន ៨១១ រោងចក្រ។
លោក ឃួង ស្រេង បានថ្លែងឱ្យដឹងនៅក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ លោកក៏បានលើកឡើងអំពីវឌ្ឍនភាពនិងភាពរីកចម្រើនរបស់រាជធានីភ្នំពេញនាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារមានក្រុមហ៊ុន សហគ្រាស និង វិនិយោគិនជាច្រើន បានចូលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសរាជធានីភ្នំពេញ ហើយរដ្ឋបាលរាជធានីភ្នំពេញបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួលដល់គម្រោងវិនិយោគនៅរាជធានីភ្នំពេញ។
លោកក៏បានលើកឡើងថា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញបានផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាពលរដ្ឋ តាមរយៈអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានីភ្នំពេញបានចំនួន ១០១ ៧០០ សេវា ដែលក្នុងមួយថ្ងៃទទួលបាន ២៧៣ សេវា ទទួលបានចំណូលសរុប ៤៨ ៣៩៤ ៧៣១ ៣៥០ រៀល (ប្រមាណជាង ១២ លានដុល្លារអាម៉េរិក)។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏ទទួលបានបណ្ដឹង សំណូមពរ និង ធ្វើការសម្របសម្រួលដល់ប្រជាពលរដ្ឋនិងសាធារណជនទូទៅ ដែលមកស្នើសុំប្រើប្រាស់សេវាបានចំនួន ២៧០ នាក់។ ចំនួនភ្ញៀវជាតិនិងអន្តរជាតិដែលមកចូលទស្សនាតាមរមណីយដ្ឋាននានានៅក្នុងរាជធានីមានចំនួនជាង ១១ លាននាក់ ដែលមានកំណើនកើនឡើងជាង ៦៣% បើធៀបនឹងឆ្នាំ២០២៣៕
评论被关闭。