សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន
នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបនិងពិភាក្សាការងារជាមួយលោកស្រី Rosemarie P. Rafael ប្រធានក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន និងគណៈប្រតិភូ នៅវិមានសន្ដិភាព រាជធានីភ្នំពេញ។
សមាសភាពគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន មានថ្នាក់ដឹកនាំស្ត្រីនិងជាធុរជនហ្វីលីពីន ចំនួន ៣៥ រូប ជាសមាជិកនៃក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន ដែលកំពុងមានប្រតិបត្តិការអាជីវកម្មក្នុងវិស័យជាច្រើន។
ក្នុងឱកាសនៃជំនួប លោកស្រី Rosemarie P. Rafael បានជម្រាបជូនសម្ដេចធិបតីថា គណៈប្រតិភូនឹងចូលរួមវេទិកាធុរកិច្ច ដែលសហការរៀបចំឡើងដោយក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីននិងក្រសួងពាណិជ្ជកម្មកម្ពុជា។
ក្នុងឱកាសនោះដែរ គណៈប្រតិភូបានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា ក្នុងនោះរួមមាន៖ វិស័យកសិកម្ម (ឧស្សាហកម្មស្រូវអង្ករ) អាកាសចរណ៍ ទេសចរណ៍ យានយន្ត អប់រំ សុខាភិបាល ដឹកជញ្ជូននិងឡូជីស្ទីក អាជីវកម្មលក់រាយ និង កម្មន្ដសាល ព្រមទាំងបានបង្ហាញបំណងស្វែងរកកិច្ចសហការជាមួយសហគ្រិនជាស្ត្រីនៅកម្ពុជា ពាក់ព័ន្ធនឹងការពង្រឹងជំនាញវិជ្ជាជីវៈ ការផ្លាស់ប្ដូរបទពិសោធន៍និងឧត្តមានុវត្តន៍ល្អៗ ការកសាងសមត្ថភាពជាដើម។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ និងការជួយលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យធុរកិច្ចរបស់ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន ព្រមទាំងបានស្វាមគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមប្រឹក្សាធុរកិច្ច ក្នុងការស្វែងរកឱកាសវិនិយោគនិងពាណិជ្ជកម្មនៅកម្ពុជា និងបង្ហាញនូវក្ដីសោមនស្សរីករាយចំពោះការរៀបចំវេទិកាធុរកិច្ចនៅកម្ពុជានាពេលនេះ ក៏ដូចជាការរៀបចំវេទិកាធុរកិច្ចនៅហ្វីលីពីននាពេលខាងមុខ។ សម្ដេចបានគូសបញ្ជាក់ថា វេទិកាធុរកិច្ចទាំងនេះ នឹងជួយតភ្ជាប់ទំនាក់ទំនងរវាងធុរជនឬវិនិយោគិននៃប្រទេសទាំងពីរ និងជួយបង្កើតកាលានុវត្តភាពបន្ថែមសម្រាប់ការវិនិយោគជាដើម។
សម្ដេចធិបតីបានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ចំពោះភាពជោគជ័យរបស់វិស័យឯកជន តាមរយៈការដាក់ចេញគោលនយោបាយគាំទ្រ និងវិធានការលើកទឹកចិត្តនានាសម្រាប់ការវិនិយោគ និងការធ្វើធុរកិច្ចនៅក្នុងកម្ពុជា។ សម្ដេចក៏បានលើកឡើងថា នៅកម្ពុជា តួនាទីរបស់ស្ត្រីក្នុងវិស័យធុរកិច្ចក៏បាននិងកំពុងវិវត្តរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចអាចរីកលូតលាស់ទៅបាន លុះត្រាតែមានការចូលរួមពីពហុវិស័យ ដើម្បីធានានិងជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ចជាតិ៕
评论被关闭。