កម្ពុជាបានចំណាយជាង ២,៦៩ ប៊ីលានដុល្លារនាំចូលប្រេងឥន្ធនៈនិងប្រេងម៉ាស៊ូតក្នុងឆ្នាំ២០២៤

នៅក្នុងឆ្នាំ២០២៤ កម្ពុជា​​បាន​ចំណាយ​ប្រា​ក់ជាង ២,៦៩ ប៊ី​លាន​ដុល្លារ​អាម៉េរិក លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​និង​ប្រេងម៉ាស៊ូត ដើម្បី​ផ្គត់ផ្គង់​ការប្រើប្រាស់​ក្នុងស្រុក​ មានការ​កើនឡើងជាង ១២% បើ​ធៀប​នឹង​​ឆ្នាំ​២០២៣។

​របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្មបានឱ្យ​ដឹងថា ជាមួយនឹង​តម្លៃ​នាំចូល​សរុប​នេះ ក្នុងនោះ តម្លៃ​នៃ​ការ​នាំចូល​ប្រេងម៉ាស៊ូត​គឺជាង ១,៤១  ​​លាន​ដុល្លារ កើនឡើង ៧% ​តម្លៃ​នៃ​ការ​នាំចូល​ប្រេងសាំងគឺ ៩៤៦ លាន​ដុល្លារ កើនឡើង ១១% ​ធៀប​នឹង​ចំណាយ​លើការ​នាំចូល​ឧស្ម័ន​មានចំនួន ៣៣៤ លានដុល្លារ កើនឡើង៤២ភាគរយ។

លោក ប៉ែន សុ​វិជាតិ រដ្ឋលេខាធិការ និងជា​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្មបានឱ្យដឹងថា ​ប្រទេស​សិង្ហ​បុរី ថៃ និង ប្រទេស​វៀតណាម​ ​ជា​ប្រភព​នាំចូល​ប្រេង​ដ៏​សំខាន់​សម្រាប់​កម្ពុជា​។​ ​កម្ពុ​ជា​មាន​គោលបំណង​បង្កើន​ចំណែក​ថាមពល​កកើតឡើង​វិញ​របស់ខ្លួន ឱ្យបាន​យ៉ាងហោចណាស់ ៧០% ត្រឹម​ឆ្នាំ ២០៣០ ដោយ​រួមចំណែក​ដល់​គោលដៅ​បរិស្ថាន​និង​កំណើនសេដ្ឋកិច្ច ដោយ​ផ្តោតលើ​ប្រសិទ្ធភាព​ថាមពល​។​

​លោក កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែនិង​ថាមពល​បាន​ឱ្យដឹងថា ប្រភព​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ដូចជា ថាមពល​សូ​ឡា ខ្យល់ វា​រី​អគ្គិសនី និង ជីវម៉ាស នឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​គោលដៅ​បរិស្ថាន​និង​សេដ្ឋកិច្ច​របស់​ប្រទេស​។​ នៅពេលដែល​យើង​ផលិត​អគ្គិសនី​កាន់តែច្រើន​ពី​ប្រភព​កកើត​ឡើងវិញ យើង​មើលឃើញ​អត្ថប្រយោជន៍​ពិត​នៃ​ថាមពល​ប្រកបដោយ​និរន្តរភាព​។ ការណ៍​នេះ​រួមបញ្ចូល​ទាំង​អគារ​បៃតង ឧបករណ៍ប្រើប្រាស់ យានជំនិះ​អគ្គិសនី និង​អគ្គិសនី​នៃ​ឧស្សាហកម្ម និង​កសិកម្ម​ផងដែរ។

​ក្រសួង​រ៉ែនិង​ថាមពល​បាន​ព្យាករ​ថា តម្រូវការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ នឹង​កើន​ឡើងដល់ ៤,៨ ​លាន​តោន​ត្រឹម​ឆ្នាំ​២០៣០ កើនឡើង​ពី ​២,៨ ​លាន​តោន​កាលពី​ឆ្នាំ​២០២០៕

你可能还喜欢

评论被关闭。