ធនាគារជាតិកម្ពុជាដាក់ឱ្យដំណើរការកម្មវិធីទូទាត់ បាគងទេសចរជាមួយក្រុមហ៊ុនបណ្ដាញបណ្ណទូទាត់អន្តរជាតិវីសា
នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរ ជាមួយក្រុមហ៊ុនបណ្តាញបណ្ណទូទាត់អន្តរជាតិវីសា (Visa) ក្រោមអធិបតីភាពលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅធនាគារជាតិនៃកម្ពុជាអគារសែនសុខ រាជធានីភ្នំពេញ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា គោលបំណងនៃការដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរ ជាមួយក្រុមហ៊ុនបណ្តាញបណ្ណទូទាត់អន្តរជាតិវីសា គឺដើម្បីរួមចំណែកពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធទូទាត់ជាឌីជីថលនៅកម្ពុជា ជាពិសេសសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។ ភ្ញៀវទេសចរអន្តរជាតិនឹងទទួលបានបទពិសោធន៍ដ៏អស្ចារ្យពីប្រតិបត្តិការទូទាត់តាមបែបឌីជីថល បន្ទាប់ពីទាញយកកម្មវិធីទូទាត់បាគងទេសចរ ហើយចុះឈ្មោះប្រើប្រាស់ក្នុងទូរសព្ទដៃ បន្ទាប់មកភ្ជាប់ជាមួយបណ្ណទូទាត់វីសាដែលមានស្រាប់ពីប្រទេសដើមរបស់ខ្លួន។
ការភ្ជាប់កម្មវិធីទូទាត់បាគងទេសចរជាមួយមុខងារ VISA card connection នឹងផ្តល់ជាមធ្យោបាយដាក់ប្រាក់មួយបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរអន្តរជាតិ អាចបញ្ចូលទឹកប្រាក់ដើម្បីទូទាត់ថ្លៃទំនិញនិងសេវាកម្ម តាមបែបឌីជីថលបានកាន់តែងាយស្រួល មានសុវត្ថិភាព និង ប្រកបដោយនវានុវត្តន៍។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភ្ញៀវទេសចរអន្តរជាតិអាចធ្វើប្រតិបត្តិការទូទាត់តាមរយៈការស្កេន ខេអេចយ្យអរកូត (KH QRCode) ជាមួយអាជីវករប្រមាណ ៨,៥ លានកន្លែង ក្នុងអំឡុងពេលធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា។
លោកស្រី ជា សិរី បានមានប្រសាសន៍ថា ធនាគារជាតិនៃកម្ពុជាយល់ច្បាស់ពីសារៈសំខាន់នៃការអភិវឌ្ឍទៅមុខឥតឈប់ឈរ នៅក្នុងទិដ្ឋភាពនៃការវិវត្តរបស់សង្គមបច្ចុប្បន្ន។ ធនាគារជាតិនៃកម្ពុជាប្តេជ្ញាក្នុងការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ដោយផ្តោតសំខាន់លើការធ្វើអន្តរប្រតិបត្តិការនិងសុវត្ថិភាព ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ធុរជន និង ភ្ញៀវទេសចរដែលមកកម្សាន្តនៅកម្ពុជា៕
评论被关闭。