ឯកអគ្គរដ្ឋទូតចិន វ៉ាង វិនពីន៖ កម្ពុជាជាមិត្តល្អពិតប្រាកដដ៏រឹងមាំរបស់ចិន

លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​កម្ពុជា បានលើកឡើងថា កម្ពុជា​ជាមិត្តល្អ​ពិតប្រាកដ​ដ៏រឹងមាំ​របស់ចិន ហើយចិន​នឹងបន្ត​ជួយកម្ពុជា​បន្ថែមទៀត ដើម្បី​ជំរុញ​ឱ្យទំនាក់​ទំនង​ប្រទេស​ទាំងពីរ​កាន់តែ​រឹងមាំ​មួយកម្រិត​ថែមទៀត។

លោក វ៉ាង វិនពីន បានលើកឡើង​បែបនេះ​ក្នុងជំនួប​ជាមួយ​លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ​នៃកងយោធពល​ខេមរភូមិន្ទ ដែលបាន​ដឹកនាំ​ប្រតិភូ​ជូនពរលោក និងអនុព័ន្ធ​យោធាចិន​ប្រចាំ​កម្ពុជា និងអបអរ​ឆ្នាំថ្មី​ប្រពៃណី​ចិន នាព្រឹក​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅស្ថានទូតចិន​ប្រចាំ​កម្ពុជា។

លោក វ៉ាង វិនពីន បានថ្លែងថា ក្នុងរយៈពេល ៦៦ ឆ្នាំកន្លងមកនេះ កម្ពុជា​និងចិន​តែងតែ​ជួយឧបត្ថម្ភ​និងគាំទ្រ​គ្នាទៅវិញទៅមក​គ្រប់កាលៈទេសៈ ហើយគោរព​ស្រលាញ់គ្នា​ទៅវិញ​ទៅមក រួមសុខ​រួមទុក្ខ​ជាមួយគ្នា បង្កើត​បានជា​គំរូ​ដ៏ល្អមួយ​នៃទំនាក់​ទំនង​អន្តរជាតិ។

លោក វង្ស ពិសេន បានគូស​បញ្ជាក់ថា ទំនាក់​ទំនង​ជាប្រពៃណី​កម្ពុជា-ចិន បានបន្ត​ពង្រឹង​ពីមិត្តភាព​ដែកថែបឡើងទៅជា​កិច្ចសហប្រតិបត្តិការ​ត្បូងពេជ្រ ដើម្បី​រួមចំណែក​កសាង​សហគមន៍​វាសនារួម​កម្ពុជា-ចិន នាយុគសម័យថ្មី ប្រកបដោយ​គុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្ដង់ដាខ្ពស់។

លោកក៏បាន​ថ្លែងអំណរគុណ​បក្ស រដ្ឋាភិបាល និង កងទ័ពចិន ដែលជានិច្ចកាល​តែងតែ​យកចិត្ត​ទុកដាក់​ជួយកម្ពុជា​ក្នុងការ​ស្វែងរក​សន្តិភាព ការពារ​សន្តិភាព និង អភិវឌ្ឍ​លើគ្រប់វិស័យ ធ្វើឱ្យ​កម្ពុជា​មានលទ្ធភាព​ធ្វើជា​ម្ចាស់ការ​ដោយខ្លួនឯង មានភាពរឹងមាំ និង ស្មើមុខ​ស្មើមាត់​ដូចបណ្ដា​ប្រទេស​លើសកលលោក៕

你可能还喜欢

评论被关闭。