ភ្នំពេញ បន្ទាយមានជ័យ កោះកុង និងសៀមរាប មានសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម

យោងតាម​ទិន្នន័យ​គុណភាព​ខ្យល់ តាមរយៈ​ឧបករណ៍​និងស្ថានីយ​តាមដាន​ត្រួតពិនិត្យ​គុណភាព​ខ្យល់ចំនួន ៦០ ទីតាំង​នៅទូទាំង​ប្រទេស បានបង្ហាញថា ខេត្តភាគច្រើន​មានគុណភាព​ខ្យល់នៅល្អ​ប្រសើរ ខណៈ​រាជធានី​ភ្នំពេញ​និងខេត្តបន្ទាយមានជ័យ កោះកុង និង ខេត្តសៀមរាប ស្ថិតក្នុង​សន្ទស្សន៍​គុណភាព​ខ្យល់ពណ៌ក្រហម ដោយមាន​ការកើនឡើង​នូវកំហាប់​ភាគល្អិត​និចល ដែលមាន​វិជ្ឈមាឌ​តូចជាង​ឬស្មើ ២,៥ មីក្រូម៉ែត្រ (PM2.5) នៅក្នុង​បរិយាកាស។

ដោយឡែក ខេត្តព្រៃវែង ពោធិ៍សាត់ និង ខេត្តប៉ៃលិន ស្ថិតនៅ​ក្នុងសន្ទស្សន៍​គុណភាព​ខ្យល់ពណ៌​ទឹកក្រូច។

លោក​ ខ្វៃ អាទិត្យា មន្រ្តី​អ្នកនាំពាក្យ​ក្រសួ​ង​បរិស្ថាន​បានឱ្យដឹងថា ការកើនឡើង​កំហាប់​សារធាតុ​បំពុលខ្យល់​នៅក្នុង​បរិយាកាស​នេះ គឺពាក់ព័ន្ធ​ទៅនឹង​ការប្រែប្រួល​ធាតុអាកាស ដែលបណ្តាល​ឱ្យភាគល្អិត​និចល PM2.5 មានការ​កើនឡើង ព្រមទាំង​ការបញ្ចេញ​នូវសារធាតុ​បំពុល​ពីប្រភព​នានា ដូចជា​មានការឆេះ ការដុត ការដុត​សំគល់​ជញ្ជ្រាំង ភ្លើងឆេះព្រៃ ការដុតសំរាម សំណល់រឹង​នៅតាម​លំនៅដ្ឋាន និង ប្រភព​ផ្សេងៗទៀត។

លោកបាន​ស្នើដល់​សាធារណជន​ធ្វើការ​តាមដាន​ព័ត៌មាន​គុណភាពខ្យល់​ជា​​ប្រចាំ តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ក្រសួង​បរិស្ថាន និងការពារ​សុខភាព​ឱ្យបានល្អ បើសិនជា​មានស្ថានភាព​សុខភាព​ខុសប្រក្រតី គួរតែ​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ​នៅតាម​មន្ទីរពេទ្យ​ដែលស្ថិតនៅ​ក្បែរកន្លែង​រស់នៅ។

ជាមួយគ្នានេះ លោក​ ខ្វៃ អាទិត្យា ក៏​ស្នើដល់​អាជ្ញាធរ​រាជធានី-ខេត្ត និងប្រជាពលរដ្ឋ​នៅក្នុង​តំបន់ ទទួលរង​ការកើនឡើង​កំហាប់​ភាគល្អិត​និចល PM2.5 ចូលរួម​សហការ​ផ្សព្វផ្សាយ​និងចាត់​វិធានការ​ទប់ស្កាត់​និងកាត់បន្ថយ​ការបំពុល ដូចជា​សម្អាត​លំនៅដ្ឋាន ផ្លូវថ្នល់ ប្រមូល​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ កាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក ទប់ស្កាត់​ការដុត ធូលីហុយ និង ករណី​ឆេះផ្សេងៗ ជាពិសេស​ការដុត​សំគល់ជញ្ជ្រាំង ភ្លើងឆេះព្រៃ ការដុតសំរាម​និង​សំណល់រឹង​នៅតាម​លំនៅដ្ឋាន និង ប្រភព​ផ្សេងៗ​ទៀត។

លោកបាន​គូសបញ្ជាក់​បន្ថែមថា ក្រសួង​បរិស្ថាន​នឹងធ្វើការ​តាមដាន​អំពី​ការប្រែប្រួល​ស្ថានភាព​គុណភាពខ្យល់ និងជូនដំណឹង​អំពី​ស្ថានភាព​គុណភាពខ្យល់​នៅកម្ពុជា​ដល់សាធារណជន​ជាប្រចាំ។ សាធារណជន​អាចតាមដាន​ព័ត៌មាន​ផ្លូវការ​ដែលក្រសួង​បានចេញផ្សាយ តាមរយៈ​គេហទំព័រ www.airquality.moe.gov.kh និងកម្មវិធី​ទូរសព្ទដៃ (APP) ឈ្មោះ CGS SPA។

ដោយឡែក សម្រាប់​វិធី​ការពារ​ខ្លួនពី​ខ្យល់ពុល រួមមាន៖ (១) កាត់បន្ថយ​សកម្មភាព​ក្រៅផ្ទះ (២) ពាក់ម៉ាស់ N95 (៣) ប្រើម៉ាស៊ីន​បន្សុទ្ធខ្យល់ (៤) សម្អាត​លំនៅដ្ឋាន​ជាប្រចាំ (៥) ស្នាក់នៅផ្ទះ​និងបិទ​បង្អួច (៦) កាត់បន្ថយ​សកម្មភាព​ដែលបង្ក​ឱ្យមាន​ផ្សែង​ឬដុត​វត្ថុផ្សេងៗ៕

你可能还喜欢

评论被关闭。