សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទីV

នៅព្រឹក​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានអញ្ជើញជា​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ក្នុងពិធី​បើកសន្និបាត​គណៈកម្មាធិការ​កណ្ដាល លើកទី៤៥ អាណត្តិទីV នៅវិមាន ៧ មករា ស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ។

សន្និបាតនេះ​ធ្វើឡើង​រយៈពេល ២ ថ្ងៃ គឺថ្ងៃទី២៥ និង២៦ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព​សម្តេចតេជោ ហ៊ុន សែន និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា អមដោយ​អនុប្រធាន​ទាំង ៥ រូប និងសមាជិក​គណៈកម្មាធិការ​កណ្តាល​ ១ ១៩១ រូប។ ជាមួយគ្នានេះ ក៏មាន​ការចូលរួម​ពីសមាជិក សមាជិកា​រដ្ឋសភា ព្រឹទ្ធសភា មន្ត្រី​ជាន់ខ្ពស់​នៅក្នុង​រាជរដ្ឋាភិបាល រាជធានី ខេត្ត និង ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំ​ក្រុមការងារ​ចុះមូលដ្ឋាន​រាជធានី ខេត្ត ថ្នាក់ដឹកនាំ​អង្គការ​មហាជន​របស់​គណបក្ស។ សមាសភាព​ចូលរួម​សរុប​ចំនួន ៣ ៥៥៥ រូប។

សន្និបាត​នេះនឹង​ធ្វើការ​ពិភាក្សា​និងអនុម័ត​លើការងារ​សំខាន់ៗគឺ៖

១. ពិនិត្យ​ឆ្លងសេចក្តីព្រាង «របាយការណ៍​ស្តីពី​សភាពការណ៍​ទូទៅ​និងការងារ​គណបក្ស​ឆ្នាំ២០២៤ និងទិសដៅ​ភារកិច្ច​ការងារ​ឆ្នាំ២០២៥»។

២. បោះឆ្នោត​ជ្រើសតាំង​បំពេញ​បន្ថែម​សមាជិក​គណៈអចិន្ត្រៃយ៍​នៃគណៈកម្មាធិការ​កណ្តាល​មួយចំនួន៕

你可能还喜欢

评论被关闭。