រដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន៖ កម្ពុជាប្តេជ្ញាចិត្តឥតងាករេក្នុងការពង្រឹងចំណងមិត្តភាពជាមួយអាម៉េរិក

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ថ្លែងថា កម្ពុជា​មានការ​ប្ដេជ្ញាចិត្ត​ឥតងាករេ ក្នុងការ​ពង្រឹង​ចំណង​មិត្តភាព​ជាមួយសហរដ្ឋអាម៉េរិក ដើម្បី​ផលប្រយោជន៍​ទៅវិញ​ទៅមក​នៃប្រទេស​ទាំងពីរ។

លោក ប្រាក់ សុខុន បានថ្លែង​បែបនេះ​នៅក្នុង​ពិធី​លៀងសាយភោជន៍ អបអរ​ខួបគម្រប់ ៧៥ ឆ្នាំនៃ​ទំនាក់​ទំនង​ការទូត​កម្ពុជា-អាម៉េរិក កាលពី​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅសារៈមន្ទីរជាតិ រាជធានី​ភ្នំពេញ។

លោកបាន​ថ្លែងអំណរគុណ​អាម៉េរិក​ចំពោះ​កិច្ចសហប្រតិបត្តិការ​ទូលំ​ទូលាយ​ជាមួយ​កម្ពុជា និងបាន​លើកឡើង​ពីការពេញចិត្ត​ចំពោះ​ទំនាក់​ទំនង​មិត្តភាព​ជាមួយ​អាម៉េរិក ដោយឈរលើ​គោលការណ៍​គោរពគ្នា​ទៅវិញ​ទៅមក ព្រមទាំង​រីករាយ​ចំពោះ​សន្ទុះ​វិជ្ជមាន​ក្នុងទំនាក់​ទំនង​ទ្វេភាគី​នាឆ្នាំ​កន្លងទៅនេះ រាប់ចាប់តាំង​ពីវិស័យ​ពាណិជ្ជកម្ម និងការ​តភ្ជាប់​រវាង​ប្រជាជន​និងប្រជាជន រហូតដល់ការ​បន្ត​កិច្ចសហប្រតិបត្តិការ​រវាង​យោធា​និងយោធា។ លោកក៏បាន​កត់សម្គាល់​​នូវការ​បញ្ជូន​មក​វិញ​នូវរតនសម្បតិ្ត​របស់​កម្ពុជា​ដែលត្រូវបាន​យកចេញ​ពីកម្ពុជា​កាលពី​សម័យ​សង្គ្រាម​ផងដែរ។

ភារធារី​ស្ថានទូតអាម៉េរិក​ប្រចាំ​កម្ពុជា លោកស្រី Bridgette L. Walker បានថ្លែង​ក្នុងពិធី​នោះផងដែរ​ថា ប្រជាជន​គឺជា​និមិត្តរូប​នៃការ​ស្វែងរក​ការរួបរួមគ្នា​រវាង​អាម៉េរិក​និងកម្ពុជា ក្នុងការ​ចាប់យក​នូវភាពរុងរឿង សន្ដិភាព និង វឌ្ឍនភាព។

នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាម៉េរិក​ប្រចាំ​កម្ពុជា ក៏បាន​កត់សម្គាល់​ផងដែរថា ការប្រារព្ធ​ខួបនៃទំនាក់​ទំនង​ការទូត នឹងបញ្ជាក់ពី​ភាពទូលំ​ទូលាយ​នៃទំនាក់​ទំនង​រវាង​សហរដ្ឋអាម៉េរិក​និងកម្ពុជា ដែលត្រូវបាន​បង្កើតឡើង​នៅលើ​មូលដ្ឋាន​នៃការគោរព និងផ្តល់​ផលប្រយោជន៍​ទៅវិញ​ទៅមក។

សហរដ្ឋ​អាម៉េរិក​បាន​បង្កើត​​ទំនាក់​ទំនង​​ការទូត​ដោយ​ផ្ទាល់​ជាមួយ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​១៩៥០ ដោយបាន​តែងតាំង​លោក Donald R. Heath ឱ្យធ្វើជា​តំណាង​វិសាមញ្ញ​និងពេញ​សមត្ថភាព លោកបាន​ថ្វាយសារតាំង​ទៅ​ព្រះករុណា​សម្តេច​ព្រះបាទ​នរោត្តម​សីហនុ នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​១៩៥០​។ ពេលនោះ ការិយាល័យ​តំណាង​សហរដ្ឋ​អាម៉េរិក​បាន​បើក​នៅ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកាឆ្នាំ១៩៥០​ ដោយយកសណ្ឋាគារ​ឡឺរ៉ូយ៉ាល់​ជា​កន្លែង​ធ្វើការ​ដំបូងរបស់​ស្ថានទូត៕

你可能还喜欢

评论被关闭。