ស្ថាប័នរដ្ឋនិងវិស័យឯកជនបង្កើតកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍ ក្រសួង​ពាណិជ្ជកម្ម និង ក្រុមហ៊ុន Alibaba Cloud (Singapore) Private Limited បានចុះអនុស្សរណៈ​នៃការយោគយល់គ្នា ស្តីពី​ការអភិវឌ្ឍ​ថ្នាលពាណិជ្ជកម្ម​តាមប្រព័ន្ធ​អេឡិច​ត្រូនិក ការលើក​កម្ពស់​អក្ខរកម្ម​ឌីជីថល និង ជំនាញទីផ្សារ។

ពិធី​ចុះអនុស្សរណៈ​នៃការយោគយល់គ្នា​នេះ ធ្វើឡើង​នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការ​ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍ ក្រោមអធិបតីភាពលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍ និងលោកស្រី ចម និម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម រួមជាមួយ​វត្តមាន​របស់​លោក Allen Zhang អនុប្រធាន Alibaba Cloud Intelligence International។

លោកស្រី ចម និម្មល បានថ្លែងថា ការចុះ​អនុស្សរណៈ​នៃការយោគយល់គ្នា​នេះ ជាជំហាន​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​តាមប្រព័ន្ធ​អេឡិចត្រូនិក និងឆ្លុះបញ្ចាំង​ពីកិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្នុងការ​គាំទ្រ​ដល់ការ​ធ្វើបរិវត្តកម្ម​ឌីជីថល ការបង្កើត​បរិយាកាស​អំណោយផល​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​និងវិនិយោគ​នៅកម្ពុជា ជាពិសេស​សម្រាប់​សហគ្រាស​ធុនតូច​និងមធ្យម​ក្នុងស្រុក និងអាជីវកម្ម​តាមគ្រួសារ​ខ្នាតតូច ដែលរាជរដ្ឋាភិបាល​ផ្តល់ការ​យកចិត្ត​ទុកដាក់​ខ្ពស់ ដូចមាន​ជាក់ស្តែង​ក្នុងយុទ្ធសាស្រ្ត​ជាតិ ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលបានដាក់ចេញ។ លើសពីនេះ ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​តាមថ្នាល​ឌីជីថល បានផ្តល់​នូវកាលានុវត្តភាព​ធំធេង​សម្រាប់​ធុរកិច្ច​ក្នុងការ​ពង្រឹង​និងចាប់យក​ឱកាស​ទីផ្សារ​បន្ថែម​ពីលើ​ទីផ្សារ​រូបវ័ន្ត​ជាលក្ខណៈ​ប្រពៃណី និងអាច​ចូលរួម​បង្កើន​ភាពប្រកួត​ប្រជែង​លើទីផ្សារ​អន្តរជាតិ​ផងដែរ។

លោកស្រី​បញ្ជាក់ថា ការចុះ​អនុស្សរណៈ​នៃការយោគយល់គ្នា រវាង​ក្រសួងពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន Alibaba Cloud (Singapore) Private Limited នាពេលនេះ មានគោលបំណង​ចម្បង​សំខាន់​ចំនួន ២ ៖ (១) ការតភ្ជាប់​ផលិតផល​កម្ពុជា​ទៅកាន់​ទីផ្សារ​ឌីជីថល និង (២) ការបង្កើន​អានុភាព​ជូនដល់​អាជីវករ​និងផលិតករ​កម្ពុជា។

លោក ជា វ៉ាន់ដេត បានមានប្រសាសន៍ថា អនុស្សរណៈ​នៃការយោគយល់គ្នា​រវាង​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយក្រុមហ៊ុន Alibaba Cloud (Singapore) Private Limited ធ្វើឡើង​ក្នុងគោលបំណង​ផ្ដោតលើ​វិសាលភាព​នៃកិច្ចសហប្រតិបត្តិការ​ចំនួន ៣ ៖ (១) ការបង្កើត​ថ្នាលពាណិជ្ជកម្ម​អេឡិចត្រូនិច (២) ការផ្តល់​វគ្គបណ្តុះបណ្តាល​និងអភិវឌ្ឍ​សមត្ថភាព​ផ្នែកពាណិជ្ជកម្ម ធុរកិច្ច និង ទីផ្សារ​ឌីជីថល និង (៣) ការលើក​កម្ពស់​ផ្នែកហេដ្ឋារចនាសម្ព័ន្ធ​និងភស្តុភារ ដើម្បី​ជំរុញ​ប្រសិទ្ធភាព​ទីផ្សារ​ពាណិជ្ជកម្ម​ក្នុងស្រុក និងផ្សារភ្ជាប់​ពាណិជ្ជកម្ម​កម្ពុជា​ទៅនឹង​ទីផ្សារ​ពាណិជ្ជកម្ម​អន្តរជាតិ។

លោកបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​នាពេលនេះ គឺជា​ជំហាន​សម្រាប់​ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍ ក្នុងការ​ចូលរួម​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិច​សម្រាប់​ប្រទេស​កម្ពុជា បង្កើន​សក្តានុពល​នៃសហគ្រិន និងអ្នកបច្ចេកទេស​ផ្នែកពាណិជ្ជកម្ម​និងធុរកិច្ច​ឌីជីថល​ក្នុងស្រុក ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​ផ្នែកសេដ្ឋកិច្ច​និងសង្គមឌីជីថល​ ប្រកបដោយ​ប្រសិទ្ធភាព​និងបរិយាបន្ន​សម្រាប់​កម្ពុជា៕

你可能还喜欢

评论被关闭。