KOICA សន្យាផ្តល់ហិរញ្ញប្បទាន ១១,៧ លានដុល្លារ សម្រាប់កំណែទម្រង់ និងកសាងសមត្ថភាពសាលាភូមិន្ទរដ្ឋបាលកម្ពុជា
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានសន្យាផ្តល់ហិរញ្ញប្បទានចំនួន ១១,៧ លានដុល្លារអាម៉េរិក ដើម្បីពង្រឹងសមត្ថភាពរបស់សាលាភូមិន្ទរដ្ឋបាល សម្រាប់កំណែទម្រង់អភិបាលកិច្ច និងការធ្វើឱ្យស្ថាប័ននេះកាន់តែប្រសើរឡើង។
ការសន្យាផ្តល់ហិរញ្ញប្បទានខាងលើ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបញ្ចប់បូកសរុប សម្រាប់ការសិក្សាស៊ីជម្រៅនៃគម្រោងដែលធ្វើឡើងនៅសាលាភូមិន្ទរដ្ឋបាលកាលពីពេលថ្មីៗនេះ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកស្រី Shin Jungyeon នាយកស្តីទីនៃការិយាល័យ KOICA កម្ពុជា។
លោក ហ៊ុន ម៉ានី បានលើកឡើងពីវិធានការសំខាន់ៗនៃកំណែទម្រង់រដ្ឋបាលសាធារណៈរបស់កម្ពុជា រួមមានការអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ ការកសាងសមត្ថភាពស្ថាប័ន និង ប្រព័ន្ធលើកទឹកចិត្ត។
លោកបានកត់សម្គាល់ថា ការដាក់ឱ្យដំណើរការទាន់ពេលវេលារបស់គម្រោង KOICA ឆ្លុះបញ្ចាំងពីសារៈសំខាន់របស់ខ្លួនក្នុងការគាំទ្រដល់គោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ គម្រោងនេះ ផ្តោតសំខាន់លើការពង្រឹងសមត្ថភាពប្រតិបត្តិការ តាមរយៈការផ្តល់សេវាពិគ្រោះយោបល់លើប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ និងប្រព័ន្ធបណ្តុះបណ្តាល ដោយផ្តោតជាពិសេសលើការគាំទ្រដល់ការកសាងសមត្ថភាព សម្រាប់ការប្រើបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍ (ICT) ក្នុងវិស័យអប់រំ។ លើសពីនេះទៀត ការបង្កើតវេទិកាអប់រំតាមប្រព័ន្ធអ៊ីនធឺណិត នឹងធ្វើឱ្យមន្ត្រីរាជការអាចទទួលបានការបណ្តុះបណ្តាលទាំងតាមប្រព័ន្ធអ៊ីនធឺណិតនិងក្រៅប្រព័ន្ធ ដែលរួមចំណែកដល់គោលដៅរបស់សាលាភូមិន្ទរដ្ឋបាល ក្នុងការបង្កើនចំនួនមន្ត្រីរាជការដែលបានទទួលការបណ្តុះបណ្តាលប្រចាំឆ្នាំ។ គម្រោងនេះក៏នឹងគាំទ្រដល់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើបរិវត្តកម្មឌីជីថលដើម្បីគ្រប់គ្រងសាធារណៈ។
KOICA បានធ្វើការសិក្សាលទ្ធភាពដំបូងសម្រាប់គម្រោងខាងលើក្នុងខែធ្នូ ឆ្នាំ២០២៣។ ការសិក្សាលទ្ធភាពទទួលបានលទ្ធផលវិជ្ជមាន ដែលនាំឱ្យ KOICA អនុម័តលើការអភិវឌ្ឍគម្រោងចំនួន ១១,៧ លានដុល្លារ សម្រាប់រយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩។ នេះជាការបន្ថែមចំនួន ១,៧ លានដុល្លារ និងជាការពន្យាររយៈពេល ២ ឆ្នាំ បើធៀបនឹងសំណើដើមនៃគម្រោង ១០ លានដុល្លារក្នុងរយៈពេល ៣ ឆ្នាំ៕
评论被关闭。