កម្ពុជាបង្កើតចំណូលបានជាង ៤២៦ លានដុល្លារពីការនាំចេញកង់ក្នុងឆ្នាំ២០២៤

អគ្គនាយដ្ឋាន​គយនិង​រដ្ឋាករ​កម្ពុជា​បានឱ្យដឹងថា ​កម្ពុជា​បង្កើត​ចំណូល​បាន ៤២៦,៨៩ លាន​ដុល្លារអាម៉េរិកពីការ​នាំចេញ​​កង់និង​កង់​អគ្គិសនី​ក្នុងឆ្នាំ២០២៤​ ថយចុះ​ជិត​ ១៣% បើធៀប​នឹងឆ្នាំ២០២៣ ដែលសម្រេច​បាន​ជាង ៤៨៩ លាន​ដុល្លារ។

កង់របស់​កម្ពុជា​គឺជា​ផលិតផល​ដ៏មាន​សក្តានុពល​មួយ ជាពិសេស​ទៅកាន់​ទីផ្សារ​អឺរ៉ុប ប៉ុន្តែដោយសារ​ទទួល​រងនូវ​ផលប៉ះពាល់​ពីកត្តា​សេដ្ឋកិច្ចសកល ធ្វើឱ្យ​ការនាំចេញ​កង់នេះ​បានធ្លាក់ចុះ។ ក្នុងនោះ​គឺការ​ផលិតកង់​នៅកម្ពុជា​មានគុណភាព តែមាន​តម្លៃ​ថ្លៃគួរសម ចំពេល​ដែលសេដ្ឋកិច្ច​សកល​និងតំបន់​មានការ​ធ្លាក់ចុះ ទើប​បណ្តាលឱ្យ​ការនាំចេញ​កង់របស់​កម្ពុជាមានការ​ធ្លាក់ចុះ។

ទី​ផ្សារ​សំខាន់​ៗ​សម្រាប់​ផលិតផល​កង់​របស់​កម្ពុជា​ ​រួមមានសហរដ្ឋ​អាម៉េរិក អាល្លឺម៉ង់ អង់គ្លេស ជប៉ុន ​ចិន បែលហ្ស៊ិក ហូឡង់ អូទ្រី​ស ស៊ុ​យអែ​ត ដាណឺម៉ាក អូស្ត្រាលី ឆេក អ៊ីតាលី កូឡុំប៊ី កូរ៉េខាងត្បូង អេស្ប៉ាញ ស្លូវ៉ានី និង ប្រទេស​កាណាដា ព្រមទាំង​បណ្តា​ប្រទេស​អា​ស៊ាន។

បច្ចុប្បន្ននេះ នៅកម្ពុជា​មាន​ក្រុមហ៊ុនចំនួន ៥ បានដំឡើង​កង់​សម្រាប់​ការនាំចេញ​ រួម​មាន​ក្រុមហ៊ុន​Ever​grand​ ​Bicycle​ (​Cam​bo​d​i​a​) ​ក្រុមហ៊ុន​ ​Speed​t​e​c​h​ ​Industrial​ ​Co​ ​L​t​d​ ​ក្រុមហ៊ុន​ ​Smart​ ​T​e​c​h​ (​Cam​bo​d​i​a​) ​Co​ ​L​t​d​ ​ក្រុមហ៊ុន​ ​A​ ​and​ J (​Cam​bo​d​i​a​) ​Co​ ​L​t​d​ ​និង​ ​ក្រុមហ៊ុន​ X​D​S ​Bicycle​ (​Cam​bo​d​i​a​) ​Co​ ​L​t​d​។​

ទន្ទឹមនឹងនេះ ក្រុមហ៊ុន​ ​L​in​g​rich​ ​Bicycle​ (​Cam​bo​d​i​a​) ​Co​., ​L​t​d ជាក្រុមហ៊ុន​ទី ៦ ដែលត្រូវ​បាន​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​​​អនុម័ត​លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កង់​ ​កង់​អគ្គិសនី​ ​និង គ្រឿងបន្លាស់​កង់​ ​ជាមួយ​ទុនវិនិយោគ ៧​,​២​ ​លាន​​ដុល្លារ ដែលមាន​ទីតាំង​ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​តាយសេង បាវិត​ ខេត្ត​ស្វាយរៀង៕

你可能还喜欢

评论被关闭。