សន្និបាតគណបក្សប្រជាជនកម្ពុជា៖ សេដ្ឋកិច្ចកម្ពុជា រំពឹងទទួលបានកំណើន ៦.៣% ក្នុងឆ្នាំ២០២៥
គណបក្សប្រជាជនកម្ពុជាបានកត់សម្គាល់នៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ ថា សេដ្ឋកិច្ចកម្ពុជារំពឹងងើបឡើងក្នុងអត្រាកំណើន ៦.៣% ក្នុងឆ្នាំ២០២៥ ដែលនឹងឆ្លុះបញ្ចាំងឱ្យឃើញពីសេដ្ឋកិច្ចកម្ពុជាកំពុងត្រឡប់មករកស្ថានភាពកំណើនដូចពេលមុនមានវិបត្តិកូវីដ-១៩។
យោងតាមខ្លឹមសារនៃសេចក្តីប្រកាសរបស់គណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ អង្គសន្និបាតបានកត់សម្គាល់ប្រកបដោយមោទកភាពចំពោះសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដែលបានឆ្លុះបញ្ចាំងនូវភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលត្រូវប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ និងកត្តាអវិជ្ជមានជាច្រើនទៀត។ ជាក់ស្តែង ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាងើបឡើងក្នុងអត្រាកំណើន ៦% អតិផរណាមានអត្រាទាប ០.៨% អត្រាប្តូរប្រាក់រៀលមានស្ថិរភាពស្ថិតក្នុងរង្វង់ ៤ ០៧១ រៀលក្នុង ១ ដុល្លារអាម៉េរិក ឯទុនបម្រុងអន្តរជាតិបានកើនឡើងដល់ ២២,៥១១ ប៊ីលានដុល្លារអាម៉េរិក ដែលអាចធានាការនាំចូលបានប្រមាណ ៧ ខែក្នុងឆ្នាំ២០២៤ ខណៈស្ថានភាពការងារក៏មានស្ថិរភាព។
ផលិតផលសរុបក្នុងស្រុក (GDP) ជាមធ្យមក្នុងមនុស្សម្នាក់កើនពី ២ ៥២០ដុល្លារក្នុងឆ្នាំ២០២៣ ដល់ប្រមាណ ២ ៧១៣ ដុល្លារក្នុងឆ្នាំ២០២៤។ វិសាលភាពនៃការគ្របដណ្តប់របស់ប្រព័ន្ធគាំពារសង្គមបានរីកធំជាងមុន ២ ដងបើធៀបនឹងឆ្នាំ២០១៧ ដោយបានគ្របដណ្តប់ពលរដ្ឋជាង ៧ លាននាក់។ ក្នុងនោះ ប្រាក់បៀវត្សរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តជន និង អតីតយុទ្ធជន ត្រូវបានដំឡើងមួយកម្រិតទៀត ខណៈប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ត្រូវបានដំឡើងដល់ ២០៨ ដុល្លារក្នុង ១ ខែ សម្រាប់ឆ្នាំ២០២៥នេះ បើបូកសរុបទាំងអត្ថប្រយោជន៍ផ្សេងៗទៀត កម្មករ និយោជិតអាចទទួលបានប្រាក់ឈ្នួលអប្បបរមាចន្លោះពី ២២៥ ដល់ ២៣៦ ដុល្លារក្នុង ១ ខែ។
ឈរលើវឌ្ឍនភាពដ៏ល្អប្រសើរនេះ អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា បានសម្ដែងនូវការពេញចិត្តចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងរយៈពេលតែ ១ ឆ្នាំ ៧ ខែប៉ុណ្ណោះ ដោយបានកសាងនិងអភិវឌ្ឍប្រទេសឱ្យកាន់តែមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ខណៈចំណូលរបស់ប្រជាពលរដ្ឋបានកើនឡើង ដែលនេះសបញ្ជាក់អំពីការរីកចម្រើនខាងសេដ្ឋកិច្ច។ នេះបើយោងតាមសេចក្តីប្រកាសលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២៥ នៅស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា វិមាន ៧ មករា រាជធានីភ្នំពេញ៕
评论被关闭。