ក្រសួងបរិស្ថាន សំណូមពរប្រជាពលរដ្ឋ កាត់បន្ថយការដុតក្រដាសសែន ក្នុងពេលចូលឆ្នាំចិននិងវៀតណាម
ក្រសួងបរិស្ថានកម្ពុជាបានសំណូមដល់ប្រជាពលរដ្ឋ កាត់បន្ថយការដុតក្រដាសសែននាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននិងវៀតណាម ដើម្បីរក្សានូវភាពល្អប្រសើររបស់ខ្យល់។
តាមរយៈអ្នកនាំពាក្យក្រសួងបរិស្ថានលោក ខ្វៃ អាទិត្យា បានធ្វើការសំណូមពរដល់ប្រជាពលរដ្ឋដែលជាប់ខ្សែស្រឡាយចិន-វៀតណាម ចូលរួមកាត់បន្ថយការដុតវត្ថុបញ្ចេញផ្សែង (ក្រដាស សំរាម និង ប្លាស្ទិកជាដើម) ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិននិងវៀតណាម បើទោះបីស្ថានភាពខ្យល់នៅក្នុងប្រទេសកម្ពុជាវិលមកស្ថានភាពល្អប្រសើរវិញក៏ដោយ និងដើម្បីរក្សានូវសោភ័ណភាពទីក្រុងនិងតំបន់ ជាពិសេសជៀសវាងការប៉ះពាល់ចំពោះសុខភាពអ្នកដុតតែម្តង។
កាលពីចុងសប្ដាហ៍មុន រាជធានីភ្នំពេញនិងបណ្ដាខេត្តមួយចំនួននៅកម្ពុជា បានទទួលរងនូវខ្យល់ពុលដ៏គួរឱ្យបារម្ភជាខ្លាំង រហូតមកដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នេះ ស្ថានភាពខ្យល់បានល្អប្រសើរឡើងវិញ។ តាមរយៈឧបករណ៍និងស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ចំនួន ៦០ នៅទូទាំងប្រទេសបានបង្ហាញថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជាមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២៥,៩២ ug/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “ល្អណាស់”។
ដើម្បីដោះស្រាយនូវបញ្ហាខ្យល់កខ្វក់នេះ ក្រសួងបរិស្ថាននៅតែមានវិធានការជាបន្តបន្ទាប់ ដោយធ្វើការជាមួយស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋាន អប់រំប្រជាពលរដ្ឋនិងអនុវត្តវិធានការទប់ស្កាត់ និងបញ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ព្រមទាំងចាត់វិធានការទប់ស្កាត់ការដុតសំណល់កម្ទេចក្រណាត់និងភ្លើងឆេះព្រៃផងដែរ ដែលទាំងនេះសុទ្ធសឹងជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ៕
评论被关闭。