ជប៉ុនសន្យាភ្ជាប់ជើងហោះហើរត្រង់ ជាមួយកម្ពុជាឡើងវិញ បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដាក់ឱ្យដំណើរការ
លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានអះអាងថា ជប៉ុនបានសន្យាជំរុញការតភ្ជាប់ជើងហោះហើរត្រង់ ជាមួយកម្ពុជាឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ ក្រោយពេលអាកាសយានដ្ឋានអន្តរជាតិតេជោដាក់ឱ្យដំណើរការ ដើម្បីផ្តល់ភាពងាយស្រួលដល់ធុរជននិងទេចរជប៉ុនមកកាន់កម្ពុជា បន្ទាប់ពីជប៉ុនបានផ្អាកជើងហោះហើរត្រង់ជាមួយកម្ពុជានាអំឡុងពេលផ្ទុះកូវីដ-១៩។
លោក ឆារស៍ វ៉ាន់ បានលើកឡើងក្នុងពេលដែលគណៈប្រតិភូជប៉ុនប្រមាណ ១២០ រូប ដឹកនាំដោយលោក អូអ៊ិណូ អាត់ស៊ូហ្ស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ទស្សនកិច្ចពិនិត្យវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។
លោកបានថ្លែងថា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាសន្យាជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ជប៉ុន តភ្ជាប់ជើងហោះហើរផ្ទាល់មកកម្ពុជានាពេលខាងមុខឆាប់ៗនេះ ដើម្បីបង្កភាពងាយស្រួលដល់ទេចរនិងធុរជនប្រទេសជប៉ុនមកកាន់កម្ពុជា និងជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងជប៉ុន-កម្ពុជាឱ្យកាន់តែល្អប្រសើរឡើង។
យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិតេជោសម្រេចការសាងសង់បានជាង ៩៤% ដោយចំណាយថវិកាជិត ១,៤ ប៊ីលានដុល្លារអាម៉េរិក និងគ្រោងដាក់ឱ្យដំណើរការនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។
អាកាសយានដ្ឋានអន្តរជាតិតេជោមាន ៣ ដំណាក់កាល៖ ដំណាក់កាលទី១ សាងសង់រួចរាល់នៅឆ្នាំ ២០២៥ អាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំ។ ដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ ដែលអាចទទួលអ្នកដំណើរបានប្រមាណ ៣០ លាននាក់ក្នុងមួយឆ្នាំ។ ដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចនឹងទទួលអ្នកដំណើរបានរហូតដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ៕
评论被关闭。