លោក ស៊ុន ចាន់ថុល ជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ ក្រុមហ៊ុនកែច្នៃចំណីអាហារប៉ូឡូញ LipCo Foods
នាព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន LipCo Foods របស់ប្រទេសប៉ូឡូញ ដឹកនាំដោយលោក CÉSAR LIPKA នាយកប្រតិបត្តិក្រុមហ៊ុន។
លោក ស៊ុន ចាន់ថុល បានលើកឡើងអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិស័យឯកជន ដោយបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាក់ស្ដែង ប្រមុខរាជរដ្ឋាភិបាលតែងតែអនុញ្ញាតឱ្យមានការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីបើកឱកាសឱ្យវិនិយោគិនឯកជនបានលើកឡើងពីបញ្ហានានា និងឈានទៅដល់ការដោះស្រាយផ្ទាល់នៅក្នុងវេទិកានេះតែម្តង។
លោកបានបន្ថែមទៀតថា បន្ថែមពីលើយន្តការដ៏មានប្រសិទ្ធភាពខាងលើ នៅរៀងរាល់ ៦ ខែម្ដង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតែងតែរៀបចំកិច្ចប្រជុំពិភាក្សាលើបញ្ហាកង្វល់ផ្សេងៗ ជាមួយសមាគមធុរកិច្ចជប៉ុន សភាពាណិជ្ជកម្មអាម៉េរិក សភាពាណិជ្ជកម្មអឺរ៉ុប សមាគមធុរកិច្ចកូរ៉េ ដើម្បីស្វែងរកដំណោះស្រាយដោយមានរូបលោកផ្ទាល់ជាសហប្រធាន រួមជាមួយឯកអគ្គរាជទូត / ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជនរបស់ប្រទេសនីមួយៗផងដែរ។
ជាការឆ្លើយតប លោក CÉSAR LIPKA បានលើកឡើងអំពីបទពិសោធន៍ជោគជ័យរបស់ក្រុមហ៊ុន LipCo Foods ក្នុងផលិតកម្មកែច្នៃចំណីអាហារ ដើម្បីផ្គត់ផ្គង់នៅក្នុងទីផ្សារអឺរ៉ុប ដោយបានបញ្ជាក់អំពីភូមិសាស្រ្តប្រទេសប៉ូឡូញដែលសម្បូរទៅដោយភោគផលធម្មជាតិ និងផលិតផលកសិកម្មទ្រង់ទ្រាយធំ ដូចជាការចិញ្ចឹមជ្រូកយកសាច់និងការដាំដំណាំផ្លែប៉ោមជាដើម។
ទន្ទឹមនឹងនេះ គណៈប្រតិភូក្រុមហ៊ុនក៏បានបង្ហាញពីផែនការរបស់ខ្លួន ក្នុងការបង្កើតរោងចក្រកែច្នៃចំណីអាហារនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់ផងដែរ។ ម្យ៉ាងវិញទៀត ដោយមើលឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាលើការធ្វើពាណិជ្ជកម្ម និងការវិនិយោគពីវិស័យឯកជន ក៏ដូចជាសក្តានុពលនានារបស់កម្ពុជា លោក CÉSAR LIPKA ក៏បានបង្ហាញអារម្មណ៍កក់ក្តៅនិងសុទិដ្ឋិនិយមកាន់តែខ្ពស់ និងសម្តែងនូវចេតនាក្នុងការពន្លឿនផែនការវិនិយោគរបស់ខ្លួននៅកម្ពុជា សំដៅធ្វើឱ្យលេចចេញជារូបរាងកាន់តែឆាប់រហ័ស៕