សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើលិខិតជូនពរឆ្នាំថ្មី ជូនលោកនាយករដ្ឋមន្ត្រីចិន លី ឈាង និងប្រជាជនចិន

ក្នុងឱកាស​នៃពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីចិន ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា បានផ្ញើសារលិខិត​ជូនពរ​ចំពោះ​លោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី និងប្រជាជន​នៃសាធារណរដ្ឋ​ប្រជាមានិតចិន។

សម្តេចធិបតី​បានមានប្រសាសន៍​នៅក្នុងសារលិខិតថា ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​ជូនពរ​និងអបអរសាទរ​យ៉ាងស្មោះស្ម័គ្រ​ចំពោះលោក លី ឈាង និងតាមរយៈ​លោក លី ឈាង ជូនចំពោះ​ប្រជាជន​ជាមិត្ត​នៃសាធារណៈរដ្ឋ​ប្រជាមានិតចិន និងសហគមន៍​ចិនទូទាំង​ពិភពលោក ក្នុងឱកាស​ដ៏រីករាយ​នៃបុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិនឆ្នាំ២០២៥។

សម្តេច​បានគូស​បញ្ជាក់ថា កម្ពុជា​និងចិន​ទទួល​បាននូវ​ភាពជា​ដៃគូ​ដ៏រឹងមាំ​និងយូរអង្វែង ដែលកំណត់​លក្ខណៈ​ដោយស៊ីជម្រៅ​ផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ និង ទំនាក់​ទំនង​រវាង​ប្រជាជន​និងប្រជាជន។

សម្តេចបានសម្តែងនូវជំនឿចិត្តថា ឆ្នាំថ្មី​ឆ្នាំម្សាញ់​នឹងនាំមក​នូវឱកាស​ជាច្រើន​សម្រាប់​ប្រជាជាតិ​យើងទាំងពីរ ដើម្បី​ពង្រឹង​ចំណង​មិត្តភាព និងកិច្ចសហប្រតិបត្តិការ​ត្បូងពេជ្រ​ប្រទេស​ទាំងពីរ ឱ្យកាន់តែ​រឹងមាំ​បន្ថែមទៀត ទន្ទឹម​នឹងការ​ជំរុញ​ការកសាងសហគមន៍​វាសនារួម​កម្ពុជា-ចិន នាយុគសម័យ​ថ្មី ប្រកបដោយ​គុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដាខ្ពស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់​និងសម្តែង​នូវការ​ដឹងគុណ​យ៉ាងស្មោះស្ម័គ្រ ចំពោះ​រដ្ឋាភិបាលចិន ដែលជានិច្ចកាល​តែងតែ​ផ្តល់នូវ​ការគាំទ្រ​យ៉ាងពេញទំហឹង​និងជំនួយដែលមិនអាច​ខ្វះបាន ចូលរួម​ចំណែក​ក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម​របស់​កម្ពុជា។ កម្ពុជា​នឹងបន្ត​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ និងពង្រឹង​ទំនាក់​ទំនង​ដ៏ស្អិតល្មួតរវាង​កម្ពុជា​និងចិន។

សម្តេចធិបតី​ជូនពរ​ឱ្យប្រទេសចិន​និងប្រជាជន​ចិន ​ទទួលបាន​នូវសមិទ្ធផល​កាន់តែច្រើន​និងវិបុលភាព​នាឱកាស​ឆ្នាំថ្មីនេះ៕

你可能还喜欢

评论被关闭。