ធនាគារជាតិកម្ពុជាហាមស្ថាប័នផ្ដល់កម្ចី យកប្លង់ដីសហគមន៍ជនជាតិដើមភាគតិចធ្វើជាទ្រព្យធានា
ធនាគារជាតិនៃកម្ពុជាបានហាមឃាត់ស្ថាប័នផ្តល់ប្រាក់កម្ចី ទទួលយកបណ្ណកម្មសិទ្ធិដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិចជាទ្រព្យធានា និងទប់ស្កាត់ការលក់ដោយបង្ខំនូវបណ្ណកម្មសិទ្ធិទាំងនោះ។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមរវាងធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំកម្ពុជា ស្ដីពីបច្ចុប្បន្នភាពនៃដំណើរការពិគ្រោះយោបល់ជាមួយពហុភាគីពាក់ព័ន្ធ មីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីតាមដានវឌ្ឍនភាពសកម្មភាពអាទិភាពចំនួន ២២ ដែលត្រូវបានអនុម័តក្នុងកិច្ចសន្ទនាកម្រិតខ្ពស់ រវាងពហុភាគីពាក់ព័ន្ធលើកទី១ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។
សេចក្តីថ្លែងការណ៍រួមបានលើកឡើងថា ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភចំពោះកំណើនយ៉ាងឆាប់រហ័សនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងភាពប្រទាក់ក្រឡាគ្នាជាមួយបញ្ហាប្រឈមផ្សេងទៀត ដូចជាការជំពាក់បំណុលលើសលប់ជាដើម ការផ្តួចផ្តើមឱ្យមានដំណើរការពិគ្រោះយោបល់ បានចាប់ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងគោលបំណងសម្របសម្រួលឱ្យមានការចូលរួមពិភាក្សាពីភាគីពាក់ព័ន្ធក្នុងន័យស្ថាបនា បង្កើតឱ្យមានការយល់ដឹងរួមគ្នាអំពីបញ្ហាប្រឈមនានា និងកំណត់សកម្មភាពអាទិភាព និងការប្តេជ្ញាចិត្តជាក់លាក់ ដែលអាចជួយគាំទ្រដល់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការដោះស្រាយបញ្ហាប្រឈម និងចាប់យកកាលានុវត្តភាព ក្នុងការពង្រឹងវិស័យធនាគារនិងហិរញ្ញវត្ថុ។
ក្នុងចំណោមសកម្មភាពអាទិភាពចំនួន២២ សកម្មភាពអាទិភាពចំនួន ៤ ត្រូវបានអនុវត្តបាន ទាំងស្រុង សកម្មភាពអាទិភាពចំនួន ១៥ កំពុងត្រូវបានអនុវត្ត និងសកម្មភាពអាទិភាពចំនួន ៣ កំពុងត្រូវបានចាប់ផ្តើមអនុវត្ត។ ចំណុចសំខាន់ៗពាក់ព័ន្ធនឹងការអនុវត្តសកម្មភាពអាទិភាពរួមមាន៖ (១) ការពង្រឹងការផ្តល់ឥណទានប្រកបដោយទំនួលខុសត្រូវ។ (២) ការធ្វើឱ្យប្រសើរឡើងនូវគោលការណ៍លើកទឹកចិត្តរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ (៣) ការការពារផ្លូវច្បាប់។ (៤) យន្តការការពារអ្នកប្រើប្រាស់ និងដោះស្រាយបណ្ដឹង។ (៥) ប្រព័ន្ធអេកូឡូស៊ីទិន្នន័យ និងការរៀបចំឥណទានឡើងវិញ។
ធនាគារជាតិនៃកម្ពុជា បានរម្លឹកដល់ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ មិនត្រូវទទួលយកបណ្ណកម្មសិទ្ធិដីធ្លីរបស់ជនជាតិដើមភាគតិច ធ្វើជាទ្រព្យធានាសម្រាប់កម្ចីឡើយ។
វិធានការពាក់ព័ន្ធនឹងការរៀបចំឥណទានឡើងវិញ ត្រូវបានដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ ដោយផ្តល់អាទិភាពដល់អតិថិជនដែលជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ រួមទាំងក្រុមងាយរងគ្រោះ និងក្រុមជនជាតិដើមភាគតិច។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានិងសមាគមធនាគារនៅកម្ពុជា បានរៀបចំសេចក្តីព្រាងនិយមន័យប្រតិបត្តិការមីក្រូហិរញ្ញវត្ថុ សម្រាប់វិស័យធនាគារនិងហិរញ្ញវត្ថុ នឹងត្រូវដាក់ជូនធនាគារជាតិនៃកម្ពុជា ដើម្បីពិនិត្យនិងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ៕
评论被关闭。