សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិតសម្រេចបានលទ្ធផលប្រមាណ៤៨%

  1. សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានឱ្យដឹងថា គិតត្រឹម​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វឌ្ឍនភាព​នៃគម្រោង​អភិវឌ្ឍន៍​ទំនប់​ដងកាំបិត ក្រោមហិរញ្ញប្បទាន​ពីសាធារណៈរដ្ឋ​ប្រជាមានិតចិន ដែលស្ថិតនៅ​លើស្ទឹងសែន ខេត្តព្រះវិហារ​និងខេត្តកំពង់ធំ បច្ចុប្បន្ន​សម្រេចបាន​លទ្ធផល​ប្រមាណ ៤៨% ហើយ។

គម្រោង​អភិវឌ្ឍន៍​ទំនប់​ដងកាំបិត នឹងផ្តល់​អត្ថប្រយោជន៍​ជូនដល់​ប្រជាកសិករ​ជាច្រើន រួមមាន៖

– ប្រជាកសិករ​ចំនួន ២៥ ០០០ គ្រួសារ ស្មើនឹង ៨៥ ៣០០ នាក់ ស្ថិតក្នុង​ស្រុកបារាយណ៍ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់ ស្រុកសន្ទុក និង ស្រុកស្ទោង ខេត្តកំពង់ធំ នឹងទទួលបាន​ទឹកស្រោចស្រព​គ្រប់គ្រាន់​សម្រាប់​ដំណាំស្រូវ ដំណាំ​រួមផ្សំ និង ទឹកប្រើប្រាស់​ប្រចាំថ្ងៃ។

– ផ្តល់ទឹក​ស្រោចស្រព​លើផ្ទៃដី​ស្រែនៅផ្នែក​ខាងក្រោម​ចំនួន ១៣១ ៣២៣ ហិកតា។

– បង្កើន​ទិន្នផល​ស្រូវពី ៤ តោន ទៅ ៥,៤ តោន/ហិកតា អត្រា​ទិន្នផល​កើនឡើង​ដល់ ៣៥% និងអាច​បង្កើន​ទិន្នផល ១៨៣ ៨០០ តោន/ប្រចាំឆ្នាំ។

សម្តេចធិបតី​បានបញ្ជាក់បន្ថែមថា ការងារ​សំណង់​សំខាន់​នៅក្នុង​គម្រោងនេះ រួមមាន៖ ទំនប់​ស្ទាក់ទឹក សំណង់​បង្ហៀរទឹក ទំនប់​បេតុង តំបន់​គ្រប់គ្រង និង ផ្លូវចូល​ទីតាំង​ទំនប់។ កម្ពស់​ទំនប់​អតិបរមា ៣០ ម៉ែត្រ ខ្នងទំនប់​ទំហំ ៤០ ម៉ែត្រ ទំនប់​មានប្រវែង ២ ៦៨០ ម៉ែត្រ និង ទំនប់​បង្ហៀរទឹក​ប្រវែង ៣០៦ ម៉ែត្រ៕

你可能还喜欢

评论被关闭。